ដេត ស្រីនាឌ បានធ្វើឱ្យបណ្តាញសង្គមកក្រើកម្តងទៀតបន្ទាប់ពីចេញមុខបកស្រាយនៅក្នុងកម្មវិធីពីមូលហេតុចម្បងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីប្រកាសពហិកា។ ដេត ស្រីនាឌ ថាការចាកចេញនេះគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ កម្មវិធីមិនតម្លាភាព ស្តីឱ្យនាងដូចឆ្កែដូចឆ្មា ចំណែកឯមូលហេតុធំបំផុតនោះគឺកម្មវិធី(MPI) មានម្ចាស់មកុដដល់ទៅពីរទាំងការរៀបចំនាងដឹងមុនអស់ហើយឬត្រូវទៅដើម្បីអមឆាក?។

ដេត ស្រីនាឌ អតីតម្ចាស់មកុដ Miss Planet Cambodia 2024 ដែលសម្រេចចិត្តបោះបង់ការប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ បានចូលរួមផ្តល់បទសម្ភាសន៍ជាលើកដំបូងក្នុងកម្មវិធី សខ្មៅ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសជុំវិញការពហិការបស់នាងក្នុងកម្មវិធីប្រកួត Miss Planet International 2024 ។ 
ក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១២ ធ្នូ នេះដេត ស្រីនាឌ បាននិយាយថាការចាកចេញបោះបង់របស់នាងគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ គ្មានតម្លាភាព បេក្ខភាពចូលរួមសម្រាកមិនបានគ្រប់គ្រាន់ ស្តីឱ្យនាងដូចស្តីឱ្យនាងដូចឆ្កែដូចឆ្មានៅចំពោះមុខគេ ចំណែកបវរកញ្ញាផ្សេងគេមិនធ្វើអ្វីសោះក៏នៅតែត្រូវ មិនទទួលបានការស្តីបន្ទោស មានតែឱបក្រសោបគេ។
ស្រីនាឌ បានលើកពីបញ្ហាការថតឈុតតំណាងជាតិនៅលើទឹកដីសៀមរាបដែលមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនពេញចិត្តនាងបានសុំថតរូបជាមួយ ប៉ុន្តែធ្វើឱ្យមានការយឺតយ៉ាវត្រូវក្រុមការងារបន្ទោសយ៉ាងខ្លាំង។ បវរកញ្ញារូបនេះថា បើសិនជានាងបដិសេធមិនថតជាមួយទេសចរនៅទីនោះនាងនឹងទទួលបានពាក្យថាបវរកញ្ញាខ្មែរឬកមិនខាន ខណៈដែលគេបានស្តីឱ្យនាងទៅវិញថាជាម្ចាស់ផ្ទះបាត់មុខមិនដែលមកទៀងពេល។

ដេត ស្រីនាឌ បានទម្លាយទៀតថា នៅលើលោកនេះមានវិស័យបវរកញ្ញាណាមានអ្នកឈ្នះដល់ទៅពីរ វាជាហេតុផលធំបំផុតដែលធ្វើឱ្យនាងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធី នាងនៅធ្វើអ្វីទៀតបើឃើញពីទិដ្ឋភាពអស់ហើយ នៅដើម្បីកំដរឆាកឬយ៉ាងណា?។ 
ស្រីនាឌ ថា នាងដឹងថាការសម្រេចចិត្តបែបនេះ ប្រជាជននឹងខឹងស្អប់នាង តែអ្វីដែលនាងបានលើកឡើងទាំងប៉ុន្មានបើកម្មវិធីសុក្រឹត មានតម្លាភាពគ្នា ទោះបីជាចាញ់ក៏ចាញ់ដោយមោទនភាព តែបើការរៀបចំដឹងមុខអស់ហើយគ្រាន់តែជាការសម្តែងឱ្យល្អមើលនៅលើឆាកតើនាងទៅដើម្បីអីទាំងគេមើលងាយ៕










