នៅក្នុងអំឡុងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ បានចាប់ផ្ដើមត្រូវប៉ាន់ ស្របពេលទិន្នផលត្រីប្រហុកមានការកើនឡើងជាងឆ្នាំរាល់ដង។
ត្រីឆ្នាំនេះ មានតម្លៃធូរថ្លៃសមរម្យ ដោយមានចាប់ពី៨០០រៀល ដល់១២០០រៀលតាមទំហំត្រី។ ជាមួយនឹងតម្លៃនេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទិញធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគជាលក្ខណៈគ្រួសារ និងសម្រាប់លក់ដូរជាដើម។
ចំពោះតម្លៃធូរថ្លៃនេះ ប្រជានេសាទមួយចំនួន បានហាក់សម្តែងការសោកស្តាយ ដោយឆ្នាំកន្លងទៅត្រីប្រហុកអាចលក់បានជិតដល់២០០០រៀលក្នុងមួយគីឡូក្រោមឯណោះ។
ក្នុងឆ្នាំ២០២៤នេះ ត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប ចូលទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ប្រហុក ផ្អក ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើទុកនៅផ្ទះមិនឱ្យដាច់ឡើយ ព្រោះជាម្ហូបប្រចាំគ្រួសារខ្មែរតាំងពីជំនាន់ដូនតាមក៕









