កាលពីម្សិលមិញនេះគឺជាពិធីរៀបអាពាហ៍ពិពាហ៍ធំជាងគេមួយនៅស្រុកខ្មែរ និងជាមង្គលការត្រកូលអភិជនដ៏កក្រើកនាចុងឆ្នាំ២០២៤។ ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ និងចង់ដឹងទៅលើសាវតារបស់កូនកំលោះនិងកូនក្រមុំ ដែលជាគូរដ៏សាកសមនេះ។
ពិធីមង្គលការអភិជន ដែលបានរៀបចំឡើងកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤នេះ បង្កឲ្យមហាជនខ្មែរទូទាំងប្រទេសមានការស្ងើចសរសើរទាំងទៅលើការរៀបចំកម្មវិធីដ៏ប្រណិត ក៏ដូចជាភាពសាកសមគ្នានិងរូបសម្បត្តិល្អឥតទាស់របស់កូនកំលោះនិងកូនក្រមុំ រហូតដល់មានការចែកចាយពេញបណ្តាញសង្គម។
ជាការពិតណាស់ កូនកំលោះនិងកូនក្រមុំគឺជាកូនរបស់រដ្ឋមន្ត្រីចំនួន ២រូបនៃប្រទេសកម្ពុជា។កូនក្រមុំនាម អូន ព័ន្ធមណីលក្ស្មី ដែលត្រូវជាកូនស្រី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ អ៊ឹម ប៉ូលីកា។ចំណែកកូនកំលោះមាននាម ឡាំ ជុងហាវ គឺជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ស៊ឹម ជួង។
សូមជម្រាបថា អ្នកទាំងពីរបានភ្ជាប់ពាក្យ ភ្ជាប់និស្ស័យជាមួយគ្នាតាំងពីឆ្នាំ ២០២០ មកម្លេះ ដែលនេះគឺមានរយៈពេល ៥ ឆ្នាំហើយ ដែលពួកគេសម្រេចឈានចូលរោងជ័យជាមួយគ្នានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ទោះយ៉ាងណា តាមរយៈពិធីមង្គលការនិងភាពសាកសមគ្នានេះ ហាក់អង្រួនបេះដូងមហាជនជាច្រើនមានការស្ញើចសរសើរនិងចែករំលែកពេញបណ្តាញសង្គមអំពីរូបថតអនុស្សាវរីយរបស់អ្នកទាំងពីរជាហូរហែរ បើទោះបីជាកម្មវិធីបញ្ចប់ទៅដោយរលូនហើយក្តី៕










