កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមគោព្រៃកម្ពុជា បានរងបរាជ័យ១ទល់នឹង២ ក្រោមថ្វីជើងម្ចាស់ផ្ទះសិង្ហបុរី ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤។
នៅក្នុងការប្រកួតនេះ គេឃើញថា២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ កើតឡើងដោយសារកំហុសអ្នកចាំទី ដែលធ្វើឱ្យ អ្នកគាំទ្របាល់ទាត់កម្ពុជាយល់ឃើញថា មានការគិតលទ្ធផលទុកជាមុន ឬមានការលក់គ្រាប់បាល់។
ពាក់ព័ន្ធនឹងករណីនេះ កីឡាករខ្មែរ-អាមេរិក Nick Taylor ចាត់ទុកថា វាជាកំហុសបច្ចេកទេសគឺជារឿងធម្មតានៅក្នុងពិភពបាល់ទាត់ មិនមែនជាការគិតលទ្ធផលទុកមុននោះទេ។
កីឡាករ Nick Taylor បានសង្កត់ធ្ងន់ថា៖” កីឡាករទាំងអស់បានខំប្រឹងប្រយុទ្ធ និងចង់ឈ្នះដើម្បីប្រទេសជាតិ ហើយកំហុសកើតឡើងជារឿងធម្មតាក្នុងបាល់ទាត់។ ខ្ញុំជឿជាក់ និងគាំទ្រ លើអ្នកចាំទី វីរៈ ដារ៉ា ១០០ភាគរយ”។
គួរបញ្ជាក់ថា កម្ពុជានៅសល់២ក្រួតទៀត នៅក្នុងព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup ២០២៤ ដោយត្រូវជួបប្រទេសទីម័រ នៅពុហកីឡដ្ឋានជាតិ មុននឹងបិទឆាកជួបប្រទេសថៃ៕










