បរទេស៖ រដ្ឋាភិបាលអ៊ីស្លង់បានផ្តល់អាជ្ញាប័ណ្ណរយៈពេលប្រាំឆ្នាំដល់ក្រុមហ៊ុន Hvalur hf ដែលជាក្រុមហ៊ុននេសាទត្រីបាឡែនពាណិជ្ជកម្មធំបំផុតរបស់ប្រទេស ដើម្បីបរបា.ញ់ត្រីបាឡែនរាប់រយក្បាលក្នុងទឹករបស់ខ្លួនជារៀងរាល់ឆ្នាំ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science បានឱ្យដឹងថា ក្រសួងចំណីអាហារ និងកសិកម្មរបស់ប្រទេសអ៊ីស្លង់ បានចេញការអនុញ្ញាតឱ្យចាប់ត្រីបាឡែន Fin ចំនួន ២០៩ ក្បាល និងត្រីបាឡែន Minke ២១៧ ក្បាលជារៀងរាល់ឆ្នាំក្នុងអំឡុងរដូវបរបាញ់ពីខែមិថុនាដល់ខែកញ្ញា ។ 
អាជ្ញាបណ្ណនេះមានសុពលភាពរយៈពេលប្រាំឆ្នាំ និងអាចបន្តបានជារៀងរាល់ឆ្នាំ ដោយមាន ២០% នៃកូតាដែលមិនទាន់បានប្រើប្រាស់រហូតដល់ឆ្នាំបន្ទាប់។ ទោះបីជាត្រីបាឡែន Fin និង Minke កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជក៏ដោយ ក៏អាជ្ញាធរនៅតែបន្តសកម្មភាព ដោយអនុញ្ញាតឱ្យក្រុមហ៊ុនធំៗបំផ្លាញត្រីបាឡែនទាំងនេះរាប់រយក្បាលជារៀងរាល់ឆ្នាំ។ ក្រៅពីអ៊ីស្លង់ មានប្រទេសពីរផ្សេងទៀត គឺន័រវែស និងជប៉ុន ក៏នូវតែបន្តការនេសាទត្រីបាឡែនឥតឈប់ឈរផងដែរ។ 
ត្រីបាឡែន Fin មានប្រវែងរហូតដល់ ២៥ ម៉ែត្រ គឺជាត្រីធំបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីត្រីបាឡែនខៀវ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ រីឯត្រីបាឡែន Minke គឺជាប្រភេទត្រីបាឡែនតូចបំផុត ដែលមានប្រវែងប្រហែល ៧ ទៅ ៩ ម៉ែត្រ។ ទោះជាយ៉ាងណារដ្ឋាភិបាលអ៊ីស្លង់បានសង្កត់ធ្ងន់ថា ការបរបាញ់ត្រីបាឡែនគឺកំណត់ត្រឹមតែ ៤២៦ ក្បាលក្នុងមួយឆ្នាំប៉ុណ្ណោះ បើមានការបរបាញ់លើសពីនេះ ក្រុមហ៊ុននឹងត្រូវរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត។
ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបរិស្ថាន និងអង្គការសុខុមាលភាពសត្វបានពណ៌នាថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺគួរឱ្យភ្ញាក់ផ្អើលបំផុត វាគឺជាការចុះចេញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីស្លង់។ Clare Perry ទីប្រឹក្សាមហាសមុទ្រនៅ EIA បាននិយាយថា “ការនេសាទត្រីបាឡែនពាណិជ្ជកម្មត្រូវបានហាមឃាត់ដោយគណៈកម្មការអន្តរជាតិ Whaling Commission (IWC) ចាប់តាំងពីឆ្នាំ ១៩៨២ មកម្លេះ ដោយមានប្រទេសជាង ៨០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៨៦។ 
ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ន័រវេស ដាណឺម៉ាក ហ្គ្រីនឡែន រុស្ស៊ី អ៊ីស្លង់ និងជប៉ុន នៅតែមិនអើពើនឹងការហាមឃាត់ ដោយនៅតែបន្តបរបាញ់ត្រីបាឡែនក្នុងនាមការស្រាវជ្រាវវិទ្យាសាស្ត្រ។ គួរបញ្ជាក់ដែរថា ត្រីបាឡែន Fin គឺជាអ្នកប្រមូលកាបូនដ៏សំខាន់មួយរបស់ពិភពលោក ហើយត្រូវការការពារពេញលេញ យ៉ាងហោចណាស់ ពួកវាអាចបន្តបំពេញតួនាទីសំខាន់របស់ពួកគេនៅក្នុងបរិស្ថានសមុទ្រ៕










