ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានស៊ិនហួររាយការណ៍ថា ក្រសួងអប់រំចិនមានគម្រោងឱ្យសាលានានាបង្រៀនកូនសិស្សប្រើប្រាស់បច្ចេកវិទ្យា AI ចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីឱ្យយុវជនជំនាន់ក្រោយឈ្វេងយល់ និងមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើប ។
ក្រសួងអប់រំមានគោលបំណងឱ្យយុវជនចាប់អារម្មណ៍លើផ្នែកវិទ្យាសាស្ត្រ, មានគំនិតច្នៃប្រឌិត និងជំនាញឌីជីថល ដោយស្នើឱ្យសាលារៀននានារៀបចំកម្មវិធីសិក្សាដែលពាក់ព័ន្ធ និងបញ្ចូលចំណេះដឹងពីបច្ចេកវិទ្យា AI ទៅក្នុងខ្លឹមសារមេរៀនបង្រៀនសិស្ស ។ បន្ទាប់មក សាលារៀនត្រូវវាយតម្លៃចំណេះដឹងសិស្សជាប្រចាំ ដើម្បីឱ្យសិស្សទទួលបានបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ។
កូនសិស្សគួរតែផ្តោតលើការយល់ដឹង និងអនុវត្តបច្ចេកវិទ្យាទាំងនេះក្នុងពេលពួកគេកំពុងរៀននៅកម្រិតបឋមសិក្សា ដើម្បីចូលរួមចំណែកក្នុងការបង្កើតគម្រោងបច្ចេកវិទ្យា AI និងប្រើប្រាស់បច្ចេកវិទ្យាទំនើបពេលពួកគេរៀនដល់កម្រិតមធ្យមសិក្សា ។
គម្រោងនេះមានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងបង្កើនសមត្ថភាពលើការប្រើប្រាស់កម្មវិធីសិក្សាឆ្លាតវៃថ្នាក់ជាតិ ។ ដូច្នេះ កូនសិស្សនឹងអាចឈ្វេងយល់ពីបច្ចេកវិទ្យា AI កាន់តែច្រើន នាថ្ងៃអនាគត ។
ក្រៅពីនេះ ក្រសួងអប់រំក៏បានជំរុញឱ្យវិទ្យាល័យ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗបង្កើតបន្ទប់ពិសោធន៍ពីបច្ចេកវិទ្យា AI និងបន្ទប់តាំងពិព័រណ៍សម្រាប់កូនសិស្សកម្រិតបឋម និងមធ្យមផងដែរ ។ រដ្ឋមន្ត្រីក្រសួងអប់រំបានប្រៀបធៀបបច្ចេកវិទ្យាទៅនឹងកូនសោរមាសសម្រាប់ប្រព័ន្ធអប់រំ និងកំណត់ទិសដៅការអប់រំនៅប្រទេសចិន ក៏ដូចជាការចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈម ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ប្រទេសចិនបានជ្រើសរើសសាលារៀន ចំនួន១៨៤កន្លែង ធ្វើជាទីតាំងសាកល្បងការស្រាវជ្រាវគំរូទស្សនវិជ្ជា និងគម្រោងសិក្សាពីបច្ចេកវិទ្យា AI ដើម្បីបង្កើនបទពិសោធន៍ ។ លើសពីនេះ ប្រទេសចិននឹងបង្កើនទីតាំងសាកល្បងឱ្យកាន់តែច្រើន នាថ្ងៃអនាគត ៕