ប្រទេសចិន ៖ ប្រទេសចិនបានជ្រើសរើសបេក្ខជនមកចូលរួមប្រកួតកម្មវិធីហាមប្រើប្រាស់ទូរស័ព្ទដៃរយៈពេល៨ម៉ោង និងហាមបង្ហាញអារម្មណ៍ធុញថប់ក្នុងអំឡុងពេលប្រកួត ។ អ្នកឈ្នះការប្រកួតនឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនយាន់ (ឬស្មើ១,៤០០ដុល្លារអាមេរិក) ដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនរបស់គណៈកម្មការ ។
ការប្រកួតនេះរៀបចំឡើងក្នុងផ្សារទំនើបមួយកន្លែងនៅទីក្រុងឆុងឈីង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយមានបេក្ខជនចូលរួមចំនួន១០នាក់ ដែលគណៈកម្មការបានជ្រើសរើសពីក្នុងចំណោមបេក្ខជន១០០នាក់ ។ លក្ខខណ្ឌប្រកួត គឺបេក្ខជនត្រូវប្រគល់ទូរស័ព្ទរបស់ខ្លួនឱ្យគណៈកម្មការទុក និងហាមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដូចជា ៖ ថេបប្លេត និងលេបថប ។
បើមានហេតុការណ៍បន្ទាន់ បេក្ខជនអាចប្រើប្រាស់ទូរស័ព្ទដៃស៊េរីចាស់អាចហៅចេញតែប៉ុណ្ណោះ ដែលគណៈកម្មការប្រគល់ឱ្យដើម្បីទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ។ បេក្ខជននឹងចំណាយពេល៨ម៉ោងនៅលើគ្រែ ហើយអាចងើបចេញពីគ្រែបានដើម្បីចូលបន្ទប់ទឹក ប៉ុន្តែការចូលបន្ទប់ទឹកម្តងបានតែ៥នាទីប៉ុណ្ណោះ ។.png)
គណៈកម្មការនឹងផ្តល់ភេសជ្ជៈ និងម្ហូបអាហារឱ្យបេក្ខជនបរិភោគនៅលើគ្រែ ដោយពុំអនុញ្ញាតឱ្យពួកគេសម្រាកលក់ ឬបង្ហាញអារម្មណ៍ធុញថប់ឡើយ ។ បេក្ខជនម្នាក់ៗត្រូវពាក់ក្រវ៉ាត់នៅកដៃ ដើម្បីតាមដានពីកម្រិតការធុញថប់ ហើយពេលប្រកួតបេក្ខជនខ្លះបានចំណាយពេលអានសៀវភៅ ឬសម្រាកដោយការបិទភ្នែក ប៉ុន្តែពុំដេកលក់ពិតប្រាកដ ពីព្រោះខុសច្បាប់ការប្រកួត ។
នៅទីបំផុត ក្រោយពីគណៈកម្មការត្រួតពិនិត្យរួចហើយ គឺជ័យជម្នះបានទៅលើនារីម្នាក់ឈ្មោះ «តង» ដែលទទួលបានពិន្ទុចំនួន៨៨.៩៩ពិន្ទុ ខណៈពិន្ទុពេញស្មើ១០០ ។ គណៈកម្មការប្រាប់ថា នាងបានចំណាយពេលនៅលើគ្រែយូរបំផុត ពុំបានសម្រាកលក់ទេ នាងមានអារម្មណ៍ធុញថប់តិចបំផុត ហើយគណៈកម្មការបានប្រគល់ទៅឱ្យនាង ចំនួន១ម៉ឺនយាន់ ។.png)
អ្នកនាង តង ជាអ្នកគ្រប់គ្រងផ្នែកលក់ក្នុងក្រុមហ៊ុនហិរញ្ញវត្ថុនិយាយថា នៅពេលទំនេរពីការងារ នាងតែងតែបង្រៀនកូនឱ្យអានសៀវភៅនៅផ្ទះ ហើយនាងស្ទើរតែគ្មានពេលវេលាលេងទូរស័ព្ទដៃទេ ។
តាមទិន្នន័យបញ្ជាក់ថា បច្ចុប្បន្ន មនុស្សភាគច្រើនពុំអាចនៅឆ្ងាយពីទូរស័ព្ទដៃលើសពី១៥នាទីទេ មានន័យថា ពួកគេបានញៀននឹងការប្រើប្រាស់ទូរស័ព្ទយ៉ាងខ្លាំង ។ ហេតុនេះ ទើបផ្សារទំនើបនៅចិនរៀបចំកម្មវិធីប្រកួតនេះ ដោយពុំអនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ហើយបើអ្នកណាធុញថប់ គឺខ្សែក្រវ៉ាត់លើដៃដែលគណៈកម្មការពាក់ឱ្យ នឹងជូនដំណឹងភ្លាមៗ ៕










