ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យសាកលវិទ្យាល័យ និងស្ថាប័នអប់រំនៅទូទាំងប្រទេសបន្ថែមមុខវិជ្ជាការស្រឡាញ់ (Love Education) បណ្តុះគំនិតឱ្យយុវជនសម័យថ្មីគិតវិជ្ជមានចំពោះការរៀបអាពាហ៍ពិពាហ៍ ការស្រឡាញ់ រស់នៅជាក្រុមគ្រួសារ និងមានកូន ដើម្បីដោះស្រាយបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះជាបន្តបន្ទាប់ ។.png)
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានកំណត់វិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យគូស្វាមី-ភរិយាទាំងអស់មានកូនបន្ថែមទៀត ក្រោយពីទិន្នន័យបង្ហាញថា ចំនួនពលរដ្ឋចិនបានធ្លាក់ចុះខ្លាំងអស់រយៈពេល២ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។
ប្រទេសចិនមានពលរដ្ឋប្រមាណ១,៤០០លាននាក់ ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក កំពុងក្លាយជាប្រទេសសម្បូរពលរដ្ឋអាយុច្រើនយ៉ាងឆាប់រហ័ស ។ ហេតុនេះ រដ្ឋាភិបាលចិននឹងបង្កើនការចំណាយផ្នែកសុខុមាលភាពពលរដ្ឋ នាថ្ងៃអនាគត និងប៉ះពាល់ដោយផ្ទាល់ចំពោះការរីកចម្រើនសេដ្ឋកិច្ច ។.png)
និស្សិតសិក្សានៅសាកលវិទ្យាល័យ គឺជាក្រុមពលរដ្ឋសំខាន់ដែលអាចជំរុញឱ្យអត្រាកំណើតកើនឡើងខ្ពស់ ប៉ុន្តែពួកគេមានទស្សនៈចំពោះការស្រឡាញ់ និងរៀបអាពាហ៍ពិពាហ៍ខុសគ្នាពីពលរដ្ឋសម័យមុន ។ នេះបើតាមរបាយការណ៍របស់ China Population News ជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលត្រូវបានផ្សព្វផ្សាយដោយកាសែត Jiangsu Xinhua ។
របាយការណ៍នេះបញ្ជាក់ថា វិទ្យាល័យ និងសាកលវិទ្យាល័យនានាគួរតែមានមុខវិជ្ជាបង្រៀនសិស្ស-និស្សិតឱ្យយល់ដឹងអំពីការរៀបអាពាហ៍ពិពាហ៍ និងការស្រឡាញ់ ពីព្រោះវាជាវិធានការជួយឱ្យនិស្សិតមានទស្សនៈវិជ្ជមានចំពោះការបង្កើតក្រុមគ្រួសារ ។.png)
ក្រុមប្រឹក្សារដ្ឋចិនបានបញ្ជាទៅកាន់អាជ្ញាធរក្នុងតំបន់ឱ្យប្រមូលធនធានដើម្បីដោះស្រាយបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះ និងលើកទឹកចិត្តពលរដ្ឋរៀបអាពាហ៍ពិពាហ៍ពេលគ្រប់អាយុ ។ ប៉ុន្តែអ្នកជំនាញផ្នែកប្រជាសាស្ត្រនិយាយថា វិធានការទាំងនេះមិនសូវលើកទឹកចិត្តយុវជនប៉ុន្មានទេ ។
China Population News បានស្ទង់មតិការយល់ឃើញរបស់និស្សិតសាកលវិទ្យាល័យនៅចិនបង្ហាញថា និស្សិត៥៧% ពុំចង់មានស្នេហាទេ ពីព្រោះពុំអាចបែងចែកពេលវេលារវាងស្នេហា និងការរៀនសូត្រ ។ បច្ចុប្បន្ន យុវជនខ្វះខាតចំណេះដឹងពីការស្រឡាញ់ និងទំនាក់ទំនងផ្លូវអារម្មណ៍ ហើយសាកលវិទ្យាល័យគួរបង្រៀនពួកគេឱ្យយល់ដឹងពីប្រជាសាស្ត្រ ៕










