តារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ ជាម្ចាស់ពាន The Rapper Cambodia ត្រូវបានហ្វេនៗមួយចំនួនគាំទ្រឱ្យអ្នកទាំងពីរក្លាយជាគូសេ្នហ៍បន្ទាប់ឃើញវីដេអូនៃការយកចិត្តទុកដាក់របស់ពួកគេចែកចាយនៅលើបណ្តាញសង្គម។ មែនទែនទៅសកម្មភាពរបស់ យូហៃ ទៅកាន់ ហ្សាណា គឺតាំងពីអ្នកទាំងពីរចេញទៅសម្តែងនៅប្រទេសកូរ៉េកាលពីខែមេសា មុនពេលមិនទាន់ប្រកាស ហ្សាណា ជាតារាចម្រៀងក្នុងទ្រនំបារមីម្ល៉េះ។

តារាចម្រៀង រ៉េត ស៊ូហ្សាណា ធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាតែម្តងគត់ក្នុងអាជីពរបស់ខ្លួនជាមួយតារាចម្រៀង សុវត្ថិ មុន្នីនាគ កូនប្រុសរបស់ឧកញ៉ា ព្រាប សុវត្ថិ ដោយអ្នកគាំទ្របានឃើញតារាស្រីរូបនេះបង្ហាញរូបភាពគូជាមួយគ្នាជារឿយៗនិងធ្លាប់បានចេញបទចម្រៀងរួមគ្នា។ ទោះយ៉ាងណា ស្នេហាចចាមអារ៉ាមដែលទទួលបានការគាំទ្រពីទស្សនិកជនត្រូវខកចិត្តមកវិញបន្ទាប់ពីម្តាយខាងប្រុសចេញមកបដិសេធចំពោះទំនាក់ទំនងរបស់ពួកគេ ខណៈអ្នកទាំងពីរបានរក្សាគម្លាតពីគ្នា។
ទោះយ៉ាងណា ស្របពេល រ៉េត ស៊ូហ្សាណា ស្ថិតនៅក្នុងទ្រនំថ្មីក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីរៀមច្បងក្នុងទ្រនំទាំង៤ ពេលនេះអ្នកគាំទ្រមួយចំនួនបាន Ship រ៉េត ស៊ូហ្សាណា និង យូហៃ ។ ការគាំទ្រនេះបានចាប់ផ្តើមបន្ទាប់ពីមានវីដេអូចែកចាយនៅលើបណ្តាញសង្គមឃើញម្ចាស់ពាន The Rapper Cambodia យកចិត្តទុកដាក់ចំពោះ ហ្សាណា នៅពេលមានឱកាសឡើងឆាកជាមួយគ្នាដូចជាសម្តែងនៅស្តាតអូឡាំពិក ការសម្តែងនៅបាត់ដំបង និងចូលរួមក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នាពេលថ្មីៗចុងក្រោយនេះ។
មែនទែនទៅកាលពីខែមេសា ឆ្នាំ២០២៤ មានវីដេអូចែករំលែកនៅលើបណ្តាញសង្គមតាំងពីមិនទាន់ប្រកាស ហ្សាណា ជាតារាចម្រៀងក្នុងទ្រនំបារមីមកម្ល៉េះដោយ យូហៃ និង ហ្សាណា រួមទាំងក្រុមការងារស្ថិតនៅក្នុងឡានតែមួយ ពេលសម្តែងនៅលើទឹកដីកូរ៉េខាងត្បូង។
យ៉ាងណាមិញ នេះគ្រាន់តែជាការ Ship របស់អ្នកគាំទ្រមួយចំនួនប៉ុណ្ណោះទៅកាន់ រ៉េត ស៊ូហ្សាណា និង យូហៃ ខណៈការយកចិត្តទុកដាក់នេះអាចនឹងស្ថិតនៅក្នុងលក្ខខណ្ឌក្រុមការងារតែមួយជាមួយគ្នាប៉ុណ្ណោះ៕










