ប្រទេសចិន៖ ក្រុមហ៊ុនផលិតរថយន្តចិន BYD បានលក់រថយន្តច្រើនជាងក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៤ នេះហើយទំនងនឹងវ៉ាដាច់គូប្រជែងរបស់ខ្លួនពេញមួយឆ្នាំតែម្តង។
យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា នៅក្នុងត្រីមាសទីបី BYD លក់រថយន្តបាន ១.១៣ លានគ្រឿង កើនឡើង ៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលវ៉ាដាច់ក្រុមហ៊ុន Ford ជាលើកដំបូង ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៦ នៅលើពិភពលោក។ .png)
ខណៈក្រុមហ៊ុន Ford បានលក់រថយន្តតិចជាង ៤០,០០០ គ្រឿងក្នុងអំឡុងពេលដូចគ្នា ដោយបានធ្លាក់មកចំណាត់ថ្នាក់ទី ៧ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ប្រសិនបើសន្ទុះកំណើនត្រូវបានរក្សា BYD នឹងវ៉ាដាច់ក្រុមហ៊ុន Ford ក្នុងឆ្នាំ ២០២៤ និងឈានដល់ដំណាក់កាលសំខាន់នៃការលក់រថយន្តជាង ៤ លានគ្រឿង។ មិនត្រឹមតែ BYD ប៉ុណ្ណោះទេ ក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀតក៏កំពុងដាក់សម្ពាធលើក្រុមហ៊ុនផលិតរថយន្តប្រពៃណីផងដែរ។
នៅក្នុងបញ្ជី focus 2 move ដែលជាគេហទំព័រកត់ត្រាទិន្នន័យនៃការលក់របស់ក្រុមហ៊ុនរថយន្តទូទាំងពិភពលោកបានឱ្យដឹងថា Toyota របស់ជប៉ុននៅតែរក្សាតំណែងលេខ ១ ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយយោងតាម Nikkei Asia ម៉ាកយីហោជាច្រើនមកពីប្រទេសជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងត្រីមាសចុងក្រោយនេះហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយ Toyota បានថយចុះ ៤% មកនៅ ២.៧៣ លានគ្រឿង ប៉ុន្តែនៅតែនាំមុខក្រុមហ៊ុនជាច្រើនទៀតដូចជា Volkswagen, Hyundai, Honda និង BYD។
.png)
ទោះបីក្រុមហ៊ុនចិន BYD ឈរនៅលេខរៀងទី ៦ នៅលើពិភពលោកក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែនាំមុខក្រុមហ៊ុន Ford និង Tesla ជាមួយនឹងចំណែកទីផ្សារ ២៦%។ កំណើនដ៏រឹងមាំរបស់ BYD បានជួយកែលម្អហិរញ្ញវត្ថុរបស់ខ្លួន ដោយនៅក្នុងត្រីមាសទីបី BYD ទទួលបានប្រាក់ចំណូលរហូតដល់ ២០១ ពាន់លានយន់ (ប្រមាណ ២៧.៦ ពាន់លានដុល្លារអាមេរិក) ខ្ពស់ជាង Tesla ដែលមានត្រឹមតែ ២៥.២ ពាន់លានដុល្លារប៉ុណ្ណោះ៕










