តារាសម្តែងកូរ៉េដ៏ល្បី Jun Ji-hyun បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត ក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ធម្មជាតិរបស់នាង។ នៅក្នុងកម្មវិធីមួយតារាសម្តែងវ័យ ៤៣ ឆ្នាំរូបនេះបានបង្ហាញអំពីរូបមន្តដ៏អស្ចារ្យទាំង ៥ របស់នាងដែលយើងគ្រប់គ្នាគួរអនុវត្តតាម៖
១.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Jun Ji-hyun តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។
២.ការពារស្បែក៖ នៅពេលដែលមានអារម្មណ៍ថាស្បែករបស់នាងស្ងួត តារាស្រីរូបនេះនឹងប្រើក្រែមផ្តល់សំណើម ឬម៉ាស។ ប្រសិនបើស្បែករបស់នាងបង្ហាញសញ្ញានៃភាពស្រអាប់ នាងនឹងទៅកន្លែងស្ប៉ាដើម្បីទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។.jpg)
៣.ម៉ាស្សាមុខ៖ តារាសម្តែងជួរមុខ Jun Ji-hyun តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកឱ្យរឹងមាំ ។ លើសពីនេះ តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាត។
៤.របបអាហារសុខភាព៖ Jun Ji-hyun តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។
៥.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាសម្តែងស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕










