កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន ៣ ជាប់ៗគ្នាដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត អមដោយដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះ រួមជាមួយទឹកសមុទ្រថ្លាឈ្វេង ខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសមបំផុត សម្រាប់ការបោះតង់សម្រាកលម្ហែកាយជាពិសេសក្នុងរដូវរងារ។ កោះនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង គឺកន្លែងមួយដែលសំបូរទៅដោយគ្រឿងសមុទ្រមានដូចជា៖ បង្គារ ក្តាម មឹក បង្កង និងត្រីសមុទ្រជាច្រើនទៀត។ 
ដូច្នេះភ្ញៀវទេសចរអាចបោះតង់សម្រាកលំហែកាយបានយ៉ាងមានសុវត្ថិភាព ខណៈមានពលរដ្ឋសហគមន៍នៅទីនោះក៏រង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបម្រើសេវាកម្មផ្សេងៗដូចជា៖ ដឹកជញ្ចូនភ្ញៀវទេសចរងូតទឹក ទៅលេងប្រជុំកោះក្បែរគ្នា ព្រមទាំងផ្តល់សេវាកម្មអាហារសមុទ្រស្រស់ៗទៀតផង។ ទោះជាយ៉ាងណាដើម្បីទៅដល់កោះខ្យង លោកអ្នកមានជម្រើសពីរគឺទីមួយធ្វើដំណើរតាមទូកចេញពីផ្ទះប្រជាសហគមន៍ ដោយជាទូទៅអ្នកទេសចរចំណាយតែ ៥០០០ រៀលប៉ុណ្ណោះសម្រាប់ជិះទូកទៅកាន់កោះខ្យង តាមរយៈទូកប្រជាសហគមន៍។ 
ហើយទីពីរអ្នកទេសចរអាចធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ ១ គីឡូម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ។ ក្រៅពីការសម្រាកលម្ហែ និងគយគន់ទេសភាពធម្មជាតិនៅកោះខ្យង ភ្ញៀវទេសចរក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ។

គួរបញ្ជាក់ដែរថា ចំពោះមូលហេតុដែលគេហៅកន្លែងនេះថាជាកោះខ្យង ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និងកោះនាៗជាច្រើនទៀត ព្រមទាំងមានសណ្ឋានដីដូចជាកោះ និងសំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។ កោះខ្យងគឺជាតំបន់ជំនួញ ហើយប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារណាស់ដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ នៅទីនេះមានប្រជាជនប្រហែល ២៥០ ទៅ ៣០០ គ្រួសារភាគច្រើនដូចជាអ្នកនេសាទ អ្នកលក់ដូរ និងអ្នកបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម៕










