សហគ្រិនគ្រីបតូមួយរូបដែលបានទិញវត្ថុសិល្បៈជាមួយនឹងគំនិតសាមញ្ញមួយ ចេកមួយផ្លែបិទជាប់នឹងជញ្ជាំងក្នុងតម្លៃ ៦.២លានដុល្លារកាលពីសប្តាហ៍មុនបានញ៉ាំផ្លែចេកដែលបានពីការដេញថ្លៃនេះហើយកាលពីថ្ងៃទី២៩ វិច្ឆិកា នេះ។ សហគ្រិនជាជនជាតិចិន Justin Sun បានបកសំបកនិងរីករាយជាមួយចេកនៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅ The Peninsula Hong Kong ដែលជាសណ្ឋាគារដ៏មានតម្លៃបំផុតមួយរបស់ទីក្រុង។
មហាសេដ្ឋីគ្រីបតូរូបនេះបានញុំាផ្លែចេកនេះរួចហើយលាន់មាត់ថា «វាមានរសជាតិឆ្ងាញ់ជាងចេកដទៃ។ ពិតជាល្អណាស់»។ មានចំណងជើងថា Comedian ស្នាដៃគំនិតដែលបង្កើតឡើងដោយវិចិត្រករជនជាតិអ៊ីតាលី Maurizio Cattelan ត្រូវបានលក់នៅឯការដេញថ្លៃ Sotheby’s ក្នុងទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ដោយមានលោក Justin Sun ក្នុងចំណោមអ្នកដេញថ្លៃទាំង៧នាក់។ សហគ្រិនរូបនេះបាននិយាយថាលោកមានអារម្មណ៍ថា «មិនជឿ» ក្នុងរយៈពេល ១០ វិនាទីដំបូងបន្ទាប់ពីលោកបានឈ្នះការដេញថ្លៃ មុនពេលដឹងថា «នេះអាចក្លាយជារឿងធំ»។ ក្នុងរយៈពេល ១០ វិនាទីក្រោយមកលោកបានសម្រេចចិត្តថាលោកនឹងញ៉ាំចេក។
Justin Sun បាននិយាយកាលពីថ្ងៃសុក្រ ថា៖ «ការញ៉ាំវាក្នុងសន្និសីទសារព័ត៌មានក៏អាចក្លាយជាផ្នែកមួយនៃប្រវត្តិការងារសិល្បៈផងដែរ»។
ការបង្ហាញដំបូងនៃការបង្កើតដែលអាចបរិភោគបាននៅឯកម្មវិធី Art Basel ឆ្នាំ ២០១៩នៅ Miami Beach បានបង្កឱ្យមានភាពចម្រូងចម្រាស និងបានចោទជាសំណួរអំពីថាតើវាគួរត្រូវបានចាត់ទុកថាជាសិល្បៈដែរឬទេ។ មហាសេដ្ឋីគ្រីបតូបាននិយាយថា «វត្ថុ និងគំនិតភាគច្រើនរបស់វាមានដូចជា (កម្មសិទ្ធិបញ្ញា) និងនៅលើអ៊ីនធឺណិត ផ្ទុយពីអ្វីដែលមានរូបរាងកាយ» ។នៅពេលនោះលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណែកនេះ «តំណាងឱ្យបាតុភូតវប្បធម៌ដែលភ្ជាប់ពិភពសិល្បៈ អនុស្សាវរីយ៍ និងសហគមន៍រូបិយប័ណ្ណ» ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ អ្នកជំនួញគ្រីបតូរូបនេះត្រូវបានចោទប្រកាន់ដោយគណៈកម្មការមូលបត្រអាម៉េរិក ពីបទក្លែងបន្លំ និងការបំពានច្បាប់មូលបត្រផ្សេងទៀតទាក់ទងនឹងគម្រោងគ្រីបតូរបស់លោកឈ្មោះ Tron ៕