ថ្មីៗមកនេះទស្សនិកជនបានសរសើរដល់តារាចម្រៀង លាង សុផាឡែន ដែលហ៊ាននិយាយអំពីបញ្ហាកោះគុតដែលកំពុងមានភាពតានតឹងពីប្រជាពលរដ្ឋថៃទាមទារយកកោះនេះជារបស់ខ្លួន។ មិនត្រឹមតែហ៊ាននិយាយពីរឿងនេះទេ តារាចម្រៀងរូបនេះបានបង្ហោះសុំចិត្តសំពះទៅដល់អ្នកសិល្បៈឈប់បន្តផ្សាយល្បែង Online។
ល្បែងអនឡាញបានផ្ទុះឡើងវិញនារយៈពេលចុងក្រោយនេះបន្ទាប់ពីមានកីឡាករបាល់ទាត់ គ្រូបង្រៀន ត្រូវបានបាត់បង់ជីវិតដោយសារតែអំពើអបាយមុខនេះដល់ថ្នាក់ហ៊ានសម្លាប់ខ្លួនឯងនិងក្រុមគ្រួសារ។ អ្នកសិល្បៈមួយចំនួនបានផ្សព្វផ្សាយល្បែងអនឡាញ ចំណែកឯអ្នកសិល្បៈមួយចំនួនទៀតឈប់ផ្សព្វផ្សាយព្រោះតែត្រូវបានមហាជនរិះគន់ព្រោះការផ្សព្វផ្សាយនេះប្រៀបដូចជាជំរុញចិត្តឱ្យប្រជាពលរដ្ឋវក់នឹងការចាក់និងភ្នាល់គ្នាលើល្បែងអនឡាញ។
ជាមួយគ្នានេះដែរ លាង សុផាឡែន តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសនិងជាម្ចាស់បទ បេះដូង១០០ ដល់ថ្នាក់សំពះសុំចិត្តអ្នកសិល្បៈដែលផ្សព្វផ្សាយល្បែងអនឡាញឱ្យឈប់ផ្សព្វផ្សាយល្បែងតទៅទៀតក្រោយពីមានហេតុការណ៍ឆាបឆក់យកជីវិតជាបន្តបន្ទាប់។
នៅយប់ថ្ងែទី២៤ វិច្ឆិកា លាង សុផាឡែន បានបង្ហោះថា «សូមលើកដៃសំពះបងប្អូនឬសិល្បៈមួយចំនួន ឈប់ផ្សព្វផ្សាយ រឺ BA ល្បែង Online ទៅ សុំចិត្តណា »។
នៅក្នុងផ្នែកខម្មិននៃការបង្ហោះតារាចម្រៀង លាង សុផាឡែន ក៏បានបន្ថែមដែរថា ក្រុមហ៊ុន ល្បែង online ទាក់ទងមកច្រើនដងហើយ ប៉ុន្តែនាងមិនដែលទទួលធ្វើទេ។ ការបញ្ជាក់នេះក៏មានអ្នកលេងបណ្តាញសង្គមម្នាក់បានទម្លាយករណីស្លាប់៤នាក់នៅជិតភូមិរបស់ខ្លួនដោយសារបំណុលល្បែងonline»។
ទាក់ទិននឹងបញ្ហាសង្គមដែល លាង សុផាឡែន ធ្លាប់និយាយនៅលើបណ្តាញសង្គមរបស់ខ្លួនមិនត្រឹមតែលើកម្រាមដៃសំពះសំណូមពរដល់អ្នកសិល្បៈឈប់ផ្សាយល្បែងអនឡាញប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀងរូបនេះក៏ធ្លាប់បាននិយាយពីបញ្ហាកោះគុតដែលជាកោះត្រួតស៊ីគ្នារបស់ខ្មែរនិងថៃផងដែរហើយនាងមានការស្រលាញ់កោះនេះយ៉ាងខ្លាំង៕