ក្នុងដំណើរស្វាគមន៍អ្នកនាង ប្រាសាទ ដាវីន វិលត្រឡប់មកមាតុភូមិវិញអ្នកគាំទ្រជាច្រើនបានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងរបាំឆៃយុំា។ TOP30 Miss Universe 2024 រូបនេះបាននិយាយគាំទ្រនាដការី សុគា គីមលាង ហៅ កូនអាន ដែលមានវត្តមាននៅទីនោះចូលរួមប្រកួតស្នងតំណែងពីខ្លួន។ ទទួលបានការលើកទឹកចិត្តបែបនេះ កូនអាន បានបេ្តជ្ញាយកបទពិសោធន៍របស់ខ្លួនធ្វើឱ្យ Universe ស្គាល់កូនខ្មែរប្រទេសតូចបេះដូងធំ។

នៅល្ងាចថ្ងៃទី២១ វិច្ឆិកា អ្នកនាង ប្រាសាទ ដាវីន និងស្វាមីរួមទាំងកូនស្រីបានធ្វើដំណើរមកដល់ទឹកដីកម្ពុជាក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាហ្វេនៗ ជាមួយនឹងរបាំឆៃយុំា ។ ការទៅទទួលស្វាគមន៍ បវរកញ្ញាចក្រវាលកម្ពុជាដែលបានបំបែកប្រវត្តិសាស្រ្តបើកទ្វារឱ្យកម្ពុជាចូល TOPលើកដំបូងនៅលើឆាកMiss Universe នេះនាដការី ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា សុគា គីមលាង ហៅកូនអាន ក៏បានទៅចូលរួមទទួលស្វាគមន៍ដោយផ្ទាល់ផងដែរ។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាង ប្រាសាទ ដាវីន បាននិយាយគាំទ្រ ចំពោះកូនអាន ចំពោះការស្នងតំណែងរបស់ខ្លួននៅក្នុងការប្រកួត Miss Universe ។TOP30 Miss Universe 2024 រូបនេះបាននិយាយាថាខ្លួនគាំទ្រឱ្យ កូនអាន ស្នងដំណែងរបស់ខ្លួន ខណៈ កូនអាន បានឆ្លើយតបវិញដែរថាខ្លួននាងមានបំណងចង់ឱ្យប្រាសាទ ដាវីន ជួយបង្ហាត់បង្រៀនដូចគ្នា។
ជាមួយនឹងសំឡេងគាំទ្រច្រើនចូលរួមប្រកួតបវរកញ្ញាចក្រវាល កូនអាន ក៏បានបង្ហោះសំណេរទាំងយប់បញ្ជាក់ថានឹងចូលប្រកួតកម្មវិធីបវរកញ្ញានេះ។ តួឯកស្រីក្នុង MV អាមុំបងអើយ របស់ វណ្ណដា បានបង្ហោះថា«

រាល់ការប្រឹងប្រែងខិតខំ និងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឱ្យ Universe ទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថា ប្រទេសតូចតែបេះដូងធំ គឺ Kon Ant Cambodia»។ សំណេរនៃការតាំងចិត្តរបស់ កូនអាន នេះបានធ្វើឱ្យហ្វេនៗអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនបង្ហាញការគាំទ្រលើកទឹកចិត្តនាងឱ្យចូលរួមប្រកួត។ 
ជាមួយនឹងដំរួយរបស់នាដការិនីដែលតែងតែលើកស្ទួយវប្បធម៌ខ្មែររូបនេះចូលរួមប្រកួត Miss Universe អ្នកមួយចំនួនក៏បង្ហាញពីក្តីបារម្ភចំពោះការប្រើប្រាស់ភាសាបរទេសរបស់នាងដោយចង់ឱ្យ កូនអាន ពង្រឹងភាសាឱ្យកាន់តែខ្លាំង។ ទោះយ៉ាងណា ឆ្នាំនៃការចូលប្រកួតរបស់កូនអាន លើឆាក Miss Universe Cambodia មិនទាន់បានដឹងជាក់លាក់នោះទេ។
សុគា គីមលាង គឺជានាដការីដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនច្បាប់តាំងពីក្មេង និងជាសិល្បការិនីមួយរូបថែមទាំងជាអតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ។ សម្រស់របស់ កូនអាន តែងតែទទួលបានការសរសើរពីមហាជនថាស្រស់សោភា ទន់ភ្លន់ សមជាកុលស្រ្តីខ្មែរ គយគន់មិនចេះជិនណាយ។ ជាពិសេស កូនអាន តែងតែជួយលើកស្ទួយវប្បធម៌បុរាណដោយបានរំលេចខ្លួនជាមួយសិល្បៈច្រើនទម្រង់ដើម្បីឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរ។ ភាពល្បីល្បាញបំផុតដែលនាំឱ្យមហាជនស្គាល់នាងកាន់តែច្រើនគឺនៅពេលនាងបានរាំរបាំអប្សរាលើភ្នំទឹកកកនៅNew Zealand៕










