នៅថ្ងៃទី២១ ខែវិច្ឆិកា មហោស្រពតន្ត្រីដ៏ធំរបស់ពិភពលោក Coachella បានបង្ហាញវត្តមានរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលបង្កឱ្យមានការរំភើបចិត្តក្នុងចំណោមអ្នកគាំទ្រតន្ត្រីទូទាំងពិភពលោក។
Lisa និង Jennie សមាជិកក្រុម BLACKPINK នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាតារាចម្រៀងទោល មិនមែនជាផ្នែកមួយនៃក្រុម BLACKPINK នោះទេ។ Lisa គ្រោងនឹងសម្តែងនៅថ្ងៃទី ១១ និង ១៨ខែមេសា ខណៈដែល Jennie នឹងឡើងឆាកនៅថ្ងៃទី ១៣ និង២០ ខែមេសា។ នេះជាការបង្ហាញខ្លួនទោលលើកដំបូងរបស់ពួកគេនៅ Coachella ។
ចាប់តាំងពីការសម្តែង Coachella លើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១៩ BLACKPINK បានឈានជើងចូលទៅក្នុងពិភពលោកបន្តិចម្តងៗ ដោយយកឈ្នះគ្រប់ជំហានថ្មីក្នុងអាជីពរបស់ពួកគេ។ កាលពីឆ្នាំ២០២៣ ក្រុម BLACKPINK បានវិលត្រឡប់មកវិញក្នុងនាមជាតារា K-Pop ដំបូងដែលបានសម្ដែងជាសិល្បករគោលនៅ Coachella។
ក្រៅពី Lisa និង Jennie ក្រុមចម្រៀង ENHYPEN ក៏នឹងសម្តែងនៅ Coachella ដែលក្លាយជាក្រុមចម្រៀងបុរស K-pop ទីពីរដែលបានឡើងឆាកបន្ទាប់ពី ATEEZ ។ ពួកគេត្រូវបានគ្រោងសម្រាប់ការសម្តែងនៅថ្ងៃទី ១២ និង១៩ ខែមេសា។ Coachella ឆ្នាំ២០២៥ ក៏រួមបញ្ចូលផងដែរនូវក្រុមសិល្បករដែលមានតារាល្បីៗ ដោយមានរូបតំណាងប៉ុបដូចជា Lady Gaga, Post Malone និងក្រុមតន្ត្រីអាម៉េរិក Green Day ដែលជាសិល្បករគោលក្នុងព្រឹត្តិការណ៍នេះ។
Coachella ដែលជាមហោស្រពតន្ត្រីដ៏ល្បីល្បាញបំផុតមួយនៅអាម៉េរិកខាងជើងបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៩ ហើយបានបន្តអស់រយៈពេលជាង ២ ទសវត្សរ៍ ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាឆាកដ៏សំខាន់សម្រាប់សកម្មភាពតន្ត្រីទូទាំងពិភពលោក៕










