សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីរូបភាពត្រី Oarfish យក្ស ងា.ប់ នៅឆ្នេរសមុទ្រអាមេរិក ដែលធ្វើឱ្យពលរដ្ឋបារម្ភពីគ្រោះធម្មជាតិធ្ងន់ធ្ងរអាចកើតឡើង ពីព្រោះវាជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អ ។ ត្រីនេះត្រូវបានគេស្គាល់ជាទូទៅថា «ត្រីនាគ» ឬ «ត្រីអវ.សានពិភពលោក» ។
វិទ្យាស្ថានស្រាវជ្រាវ និងសិក្សាផ្នែកមហាសមុទ្រលំដាប់ពិភពលោក (Scripps Institution of Oceanography) បានបង្ហោះរូបភាពត្រី Oarfish ប្រវែង៣ម៉ែត្រ ងាប់នៅលើឆ្នេរសមុទ្រ Grandview ក្នុងទីក្រុង Encinitas រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមក ។ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋអាមេរិកភ័យខ្លាចថា អាចនឹងមានហេតុការណ៍មិនល្អកើតឡើង ។
វិទ្យាស្ថានស្រាវជ្រាវបញ្ជាក់ថា ត្រីនេះមានព្រុយវែងពណ៌ក្រហម នៅលើក្បាល និងមានរូបរាងប្លែកខុសពីត្រីធម្មតា ហើយនេះជាការប្រទះឃើញត្រីលើឆ្នេរសមុទ្រអាមេរិកក្នុងរយៈពេល៣ខែ ។ បន្ទាប់មក ផ្នែកជំនាញផ្នែកសត្វបានយកត្រីនេះទៅក្លាហ្សេដើម្បីស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងសត្វសមុទ្រមានឆ្អឹងកង ដោយសារវាជាពូជត្រីកម្រ ។
អ្នកជំនាញនិយាយថា ត្រី Oarfish ងាប់នៅលើឆ្នេរសមុទ្រក្រោយពីបម្រែបម្រួលអាកាសធាតុមហាសមុទ្រ ហើយចំនួនត្រីប្រភេទនេះកើនឡើងនៅតំបន់ឆ្នេរសមុទ្រ ។ អ្នកជំនាញជាច្រើនបានបញ្ជាក់ពីមូលហេតុធ្វើឱ្យត្រីនេះអណ្តែតមកលើឆ្នេរខ្សាច់ គឺដោយសារការផ្លាស់ប្តូរទ្រង់ទ្រាយធំ ដូចជា ៖ បាតុភូត El Nino និង La Nina បានកើតឡើងកាលពីដើមឆ្នាំ២០២៤ ប៉ុន្តែពេលខ្លះ វាក៏មិនបណ្តាលមកពីបាតុភូតទាំងពីរទេ ។
ក្រៅពីនេះ វាអាចបណ្តាលមកពីទឹកសមុទ្រពណ៌ក្រហម និងខ្យល់បក់ខ្លាំងកាលពីសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនៅមានកត្តាជាច្រើនទៀតដែលធ្វើឱ្យត្រីអណ្តែតមកលើឆ្នេរសមុទ្រ ។ 
កាលពីចុងខែកញ្ញា កន្លងមក អ្នកនេសាទត្រីនៅប្រទេសអូស្ត្រាលី ធ្លាប់បានចាប់ត្រី Oarfish យក្ស ឬត្រីអវសានពិភពលោក ដែលមានរូបរាងដូចគ្នានេះ ។ ពលរដ្ឋអឺរ៉ុបមានជំនឿថា វាអាចជាប្រផ្នូលប្រាប់ពីគ្រោះមហន្តរាយធ្ងន់ធ្ងរ រហូតដល់មានការជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គមពីជំនឿ ។
គួរបញ្ជាក់ថា Oarfish គឺជាត្រីរស់នៅក្នុងមហាសមុទ្រទឹកជ្រៅ និងស្ថិតក្នុងចំណោមត្រីមានទំហំខ្លួនធំបំផុតលើពិភពលោក ។ បើតាមជំនឿបុរាណរបស់ពលរដ្ឋជប៉ុន គឺការបង្ហាញខ្លួនរបស់វាជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អ ឬមានគ្រោះរញ្ជួយដីកើតឡើង ហើយពលរដ្ឋជប៉ុនហៅត្រីនេះថា «ត្រីគ្រោះរញ្ជួយដី» ៕










