កាំជ្រួចបា.ញ់ក្នុងកម្មវិធីផ្សេងៗបានជួយបង្កើនបរិយាកាសឱ្យកាន់តែរីករាយ និងអធិកអធមជាមួយពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាតនៅលើមេឃ ហើយធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍រំភើបជានិច្ច ។ បើទោះជាមានមតិខ្លះនិយាយថា ការដុតកាំជ្រួច គឺជាការដុតលុយចោល ប៉ុន្តែម្ចាស់កម្មវិធីពេញចិត្តនឹងការចំណាយប្រាក់ទិញកាំជ្រួចដើម្បីឱ្យមនុស្សម្នាសប្បាយ ។
ប៉ុន្តែយើងតែងតែឮសំឡេងខ្លាំងៗពេលបាញ់កាំជ្រួច និងប៉ះពាល់ដល់អ្នកចូលចិត្តរស់នៅស្ងប់ស្ងាត់ ឬធ្វើឱ្យសត្វចិញ្ចឹមមួយចំនួនភ័យខ្លាចរត់បាត់ស្រមោល ពេលឮសំឡេងកាំជ្រួចម្តងៗ ។ ក្រៅពីនេះ មនុស្សមួយចំនួនធ្លាប់ឈរក្បែរបរិវេណបាញ់កាំជ្រួច ពួកគេតែងតែទទួលសារធាតុពុលចេញពីកាំជ្រួចបណ្តាលឱ្យប៉ះពាល់ស្បែក ។.png)
ហេតុនេះ កាំជ្រួច Organic Firework ត្រូវបានផលិតឡើងដើម្បីដោះស្រាយបញ្ហាទាំងអស់ ដែលកាំជ្រួចថ្មីនេះមិនឮសំឡេងខ្លាំង, គ្មានសារធាតុពុលគ្រោះថ្នាក់ ហើយវាស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីឱ្យកាន់តែអធិកអធម នាថ្ងៃអនាគត ។
លោក Daan Roosegaarde អ្នកផលិត «SPARK» គឺជាកាំជ្រួចពុំប៉ះពាល់បរិស្ថាន (Organic Firework) នៅប្រទេសហូឡង់ និយាយថា កាំជ្រួចថ្មីនេះ នឹងគ្មានសារធាតុពុល ឬសំឡេងខ្លាំងដូចកាំជ្រួចធម្មតាទេ ។ លោកបានបង្ហោះកាំជ្រួចរបស់ខ្លួនទៅលើមេឃ ហើយវាបានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតតាមកម្លាំងខ្យល់ ។
ការបាញ់កាំជ្រួច Organic Firework នាពេលរាត្រីនឹងបញ្ចេញពន្លឺតូចៗយ៉ាងច្រើនមហាសាលពាសពេញមេឃ ហើយវាក៏បង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាតបំផុតពុំធ្លាប់មាន ។ ពន្លឺតូចៗទាំងនេះនឹងស្រស់ស្អាតជាងពន្លឺកាំជ្រួចធម្មតា ដែលមើលទៅ ហាក់ដូចជាពន្លឺផ្កាយលើមេឃ ។
នេះជាការបង្កើតកាំជ្រួចថ្មីតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ហើយវាគ្មានសំឡេងខ្លាំងរំខានដល់មនុស្ស ឬសត្វ និងពុំបង្កគ្រោះថ្នាក់អ្វីឡើយ ។ ចុងក្រោយ លោក Daan សង្ឃឹមថា កម្មវិធីសប្បាយៗនាថ្ងៃអនាគត នឹងជ្រើសរើសកាំជ្រួចថ្មីនេះមកបង្ហាញភាពស្រស់ស្អាតដល់អ្នកចូលរួម ៕










