តារាចម្រៀង ឱក សុគន្ធកញ្ញា បានទម្លាយអាថ៌កំបាំងក្នុងកម្មវិធីរបស់លោក រៀនថត ថាអ្នកនាងមានគម្រោងលក់ឡានមួយដើម្បីធ្វើ Solo Concert ដើម្បីចេញមកល្អខ្វះអ្វីទិញរបស់នោះ។ ដោយសារតែមានដៃគូសហការទើបការធ្វើ Solo Concert មិនខាតព្រោះការរៀបចំចំណាយច្រើនហើយមានក្រុមការងារចូលរួម១០០០នាក់ឯណោះ។
មិនងាយនឹងបង្ហាញមុខក្នុងកម្មវិធីបទសម្ភាសន៍ប៉ុន្តែអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលចូលរួមក្នុងកម្មវិធី ផតខាស់ របស់លោក រៀនថត ដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៧ វិច្ឆិកា។ រយៈពេលជិត២ម៉ោងក្នុងការជជែកគ្នា អ្នកនាង ឱក សុគន្ធកញ្ញា បាននិយាយរឿងរ៉ាវជាច្រើនដែលអ្នកគាំទ្រស្ទើរតែមិនធ្លាប់បានដឹងពីកំពូលតារាចម្រៀងរូបនេះ។ 
មួយក្នុងចំណោមនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានទម្លាយការពិតពីការធ្វើ Solo Concert របស់អ្នកនាងផ្ទាល់កាលពីកន្លងមកនេះគឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងមមាញឹកគ្មានពេលសម្រាកនិងផលលំបាកជួបឧបសគ្គពីការរៀបចំផ្សេងៗហើយមានគម្រោងលក់ឡានមួយតែម្តង។ តារាចម្រៀងរូបនេះបានបញ្ជាក់ថានេះគឺជារឿងពិតនិយាយឱ្យអស់តែម្តងដោយសារចង់ឱ្យអ្នកគាំទ្របានដឹងដែរ។
អ្នកនាង ឱក សុគន្ធកញ្ញា ថាពេលខ្លះធ្វើរឿងអ្វីមួយមិនមានរំពឹងអ្វីនោះទេក្រៅពីចង់ធ្វើឱ្យបានល្អ ចេញជារូបភាពមួយមិនមែនត្រឹមតែក្តីស្រមៃ វានឹងក្លាយជាការពិតលែងគិតថាត្រូវអស់ចំណាយប៉ុន្មាន គិតតែម្យ៉ាងគត់ធ្វើឱ្យបានខ្វះអ្វីទិញហ្នឹង ខ្វះអ្វីរៀបចំហ្នឹងដាក់ឱ្យអស់។ ជាមួយគ្នានឹងការខិតខំធ្វើចេញពីចិត្ត អ្នកនាង ឱក សុគន្ធកញ្ញា ថាការទទួលបានមកវិញគឺដៃគូសហការមើលឃើញពីកម្លាំងកាយ កម្លាំងចិត្តដែលយើងបានរៀបចំដែលជាចំណែកមួយសំខាន់យ៉ាងហោយណាស់មិនខាត។ អ្នកនាងក៏បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍នេះដែរថាការចំណាយគឺច្រើនហើយមានក្រុមការងារដល់ទៅ១០០០នាក់។
គួរឱ្យដឹងថា ការប្រគំតន្រ្តី The Q – Rise of The Queen – Aok Sokunkhanha Solo Concert បានប្រព្រឹត្តនៅថ្ងៃទី១៤ កញ្ញា ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ មិនត្រឹមតែបំបែកប្រវត្តិសាស្រ្តតារាចម្រៀងកម្ពុជាលក់សំបុត្របានថ្លៃជាងគេបំផុតតែប៉ុណ្ណោះទេ ប៉ុន្តែការប្រគំតន្រ្តីរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបចំជាមួយឆាក Indoor 360°ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានអេក្រង់ LED ដ៏ទាក់ទាញ ភ្លើងពណ៌ទំនើបដ៏អស្ចារ្យ៕










