កម្មវិធីប្រកួតសម្រស់ Miss Grand International របស់លោក ណាវ៉ាត់ ដែលពោរពេញដោយភាពចម្រូងចម្រាស ត្រូវបានអ្នកគ្រប់គ្រងឥណ្ឌាលោក Nikhil Anand ចេញសេចក្តីប្រកាសឈប់បន្តទិញសិទ្ធិរៀបចំកម្មវិធីនេះតទៅទៀតទោះបីជាទើបមានអ្នកតំណាងប្រទេសឈ្នះមកុដMGI លើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៤ នេះក៏ដោយ។ 
អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ថាប័ន Miss Grand India បានចេញសេចក្តីប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយនឹងស្ថាប័ន MGI កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នេះ។ ក្នុងសេចក្តីប្រកាសបានឱ្យដឹងថា «ក្រោយពីពិចារណាយ៉ាងហ្មត់ចត់ យើងក៏សម្រេចចែកផ្លូវគ្នាជាមួយអង្គការ Miss Grand International។ ការសម្រេចចិត្តរបស់យើងកើតចេញពីការទទួលស្គាល់ថាចក្ខុវិស័យ និងគោលដៅរបស់យើងខុសគ្នានៅពេលនេះ។ ជំហាននេះអនុញ្ញាតឱ្យយើងផ្តោតលើការវិនិយោគ និងគម្រោងដ៏គួរឱ្យរំភើបដែលមានចលនារួចហើយ ហើយនឹងត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នាក្នុងពេលឆាប់ៗនេះ»។
បើតាមពាក្យចចាមអារ៉ាមនៅប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាក្នុងការដែលលោក Nikhil Anand ND ឥណ្ឌា ឈប់បន្តសិទ្ធិកម្មវិធីសម្រស់របស់លោកណាវ៉ាត់ គឺលោកចង់រៀបចំកម្មវិធីសម្រស់ផ្សេងទៀតគឺធ្វើជាម្ចាស់ផ្ទះកម្មវិធីបវរកញ្ញាចក្រវាល ខណៈក្រុមហ៊ុន Glamanand Supermodel ក្រោមការដឹកនាំរបស់លោកគឺជាក្រុមហ៊ុនឈានមុខគេនៅប្រទេសឥណ្ឌាក្នុងការរៀបចំបវរកញ្ញា។ មនុស្សមួយចំនួនក៏បានបញ្ចើចបញ្ចើរដល់កម្មវិធី MGI ដែរថាការឈប់រៀបចំកម្មវិធីនេះព្រោះចក្ខុវិស័យខុសគ្នាដោយសារតែឱ្យម្ចាស់មកុដ Live លក់ប្រហុកជាដើម។.png)
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានសាងប្រវត្តិសាស្រ្តលើកដំបូងក្នុងកម្មវិធី Miss Grand International 2024 កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយបេក្ខនារីតំណាងប្រទេស Rachel Gupta បានគ្រងមកុដកម្មវិធីនេះ។ មុននឹងទទួលបានមកុដ MGI ពោរពេញដោយភាពចម្រូងចម្រាសជាមួយនឹងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ៊ុយក្រែនជាដើម៕










