ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មេដឹកនាំគណបក្សនយោបាយ១រូបនៅប្រទេសជប៉ុនបានរងការរិះគ.ន់ ពីសំណាក់មហាជន ក្រោយហាមឃាត់នារីអាយុច្រើនជាង២៥ឆ្នាំរៀបការ និងស្នើឱ្យពួកនាងកាត់មាត់ស្បូ.នចេញ បើមានអាយុច្រើនជាង៣០ឆ្នាំហើយអត់ព្រមមានកូន ។ .png)
លោក ណាអូគិ ហ៊ិយ៉ាឃុតាក់ (Naoki Hyakuta) មេដឹកនាំគណបក្សអភិរក្សនិយមបានបញ្ចេញគំនិតប្លែកៗ ដូចជា ៖ ហាមនារីអាយុច្រើនជាង២៥ឆ្នាំរៀបការ, ហាមនារីអាយុលើស១៨ឆ្នាំ ចូលរៀននៅសាកលវិទ្យាល័យ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅប្រទេសជប៉ុន ។ លោកថែមទាំងស្នើឱ្យនារីៗកាត់មាត់ស្បូនចេញទៀតផង ពេលអាយុច្រើនជាង៣០ឆ្នាំហើយអត់ព្រមមានកូន ។ ប៉ុន្តែគំនិតរបស់លោកត្រូវបានមហាជនបង្ហាញក្តីបារម្ភ និងរិះគន់យ៉ាងខ្លាំង ។

មេដឹកនាំគណបក្សនយោបាយរូបនេះបានលើកឡើងពីគំនិតរបស់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមក ក្នុងកម្មវិធីមួយបានរៀបចំក្នុង YouTube ។ លោកអះអាងថា គំនិតរបស់លោកអាចធ្វើឱ្យនារីៗឆាប់រៀបការពេលវ័យក្មេង និងឆាប់មានកូន និងដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅជប៉ុន ។ រីឯការហាមនារីចូលរៀននៅសាកលវិទ្យាល័យពេលអាយុលើស១៨ឆ្នាំ គឺនឹងធ្វើឱ្យពួកនាងរៀបការមានគ្រួសារ ។

លោក ខាអ៊ុរិ អារិម៉ូតុ ជាមន្ត្រីធ្វើការជាមួយលោក ណាអូគិ និយាយថា គំនិតរបស់ពលរដ្ឋជប៉ុនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពេលនារីចូលបម្រើការងារក្នុងសង្គមកាន់តែច្រើន ។ បច្ចុប្បន្ន នារីគ្រប់រូបយល់ថា ការមានកូននឹងប៉ះពាល់ដល់សេចក្តីសុខផ្ទាល់ខ្លួនរបស់ពួកនាង ។
ក្រោយពីមហាជនពុំឯកភាពនឹងការលើកឡើងនេះ លោក ណាអូគិ ក៏បានសូមទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់ខ្លួនពេលថ្លែងសុន្ទរកថានៅទីក្រុងណាកូយ៉ា និងបណ្តាញសង្គម X កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយលោកប្រាប់ថា វាគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ ។ ក្រោយពីសូមទោសរួច លោកក៏បន្ទោសអ្នកសារព័ត៌មានជប៉ុនដែលចុះផ្សព្វផ្សាយពីគំនិតរបស់លោកថា ពុំត្រឹមត្រូវ ហើយពួកគេបានមើលវីដេអូមានខ្លឹមសារពេញលេញទេ ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលលោក ណាអូគិ ធ្វើឱ្យមហាជនរិះគន់ក្នុងបណ្តាញសង្គម ។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ មហាជនបានរិះគន់ម្តងហើយក្រោយពីលោកបដិសេធថា កងទ័ពជប៉ុនពុំធ្លាប់សម្លាប់ពលរដ្ឋចិននៅទីក្រុងណានគីង ប្រទេសចិន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទេ ។
ប្រទេសជប៉ុនបានប្រឈមនឹងអត្រាកំណើតថ្មីធ្លាក់ចុះយ៉ាងខ្លាំង ហើយបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ មានទារកកើតថ្មី ត្រឹមតែ៣៥០,០៧៤នាក់ ធ្លាក់ចុះ៥.៧% (គឺតិចជាងឆ្នាំ២០២៣ ចំនួន២០,៩៧៨នាក់) ៕










