យោងតាមលទ្ធផលការស្រាវជ្រាវមួយរបស់ប្រទេសចិនបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Translational Psychiatry» បញ្ជាក់ថា ការលេងបណ្តាញសង្គមអាចជួយការពារ និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តរបស់មនុស្សវ័យកណ្តាល និងមនុស្សចាស់បាន ។ ហេតុនេះ ក្រុមអ្នកស្រាវជ្រាវបានសំណូមពរឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជាមួយមនុស្សចាស់ និងអ្នកមានចំណូលទាប តាមរយៈការផ្តល់ចំណេះដឹងសុខភាពក្នុងបណ្តាញសង្គម ។.png)
ប្រធានក្រុមស្រាវជ្រាវដឹកនាំដោយ Qi Yanling សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Nankai ក្នុងទីក្រុង Tianjin ស្ថិតនៅភាគខាងជើងប្រទេសចិន បានវិភាគទិន្នន័យការស្រាវជ្រាវរយៈពេលយូរពាក់ព័ន្ធផ្នែកសុខភាព និងការចូលនិវត្តន៍នៅប្រទេសចិន (China Health and Retirement Longitudinal Study) ។ វាជាការស្ទង់មតិពលរដ្ឋចិន ដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ។
.png)
ការស្រាវជ្រាវលើកដំបូងធ្វើនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០២០ ក៏បានស្រាវជ្រាវម្តងទៀត ដោយក្រុមអ្នកស្រាវជ្រាវបានវិភាគពីទំនាក់ទំនងរវាងការលេងបណ្តាញសង្គម និងជំងឺធ្លាក់ទឹកចិត្ត ដែលមានអ្នកចូលរួមចំនួន៩.១២១នាក់ គ្មានជំងឺធ្លាក់ទឹកចិត្ត និងមនុស្ស៥.៣០២នាក់ទៀតមានជំងឺធ្លាក់ទឹកចិត្ត ។ ការស្រាវជ្រាវនឹងវាយតម្លៃថា តើការលេងបណ្តាញសង្គម ដូចជា ៖ ការជជែកតាមអ៊ីនធើរណេត, ហ្គេម និងទិញទំនិញអនឡាញ នឹងអាចកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានដែរឬទេ?

លទ្ធផលស្រាវជ្រាវបញ្ជាក់ថា ការលេងបណ្តាញសង្គមបានជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ស្មើនឹង២៤% ។ ការស្ទង់មតិនៅឆ្នាំ២០១៨ ក្រុមមនុស្សដែលនិយាយថា មានជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែក្រោយពេលពួកគេបានផ្ញើសារ, អានព័ត៌មាន, មើលវីដេអូ, លេងហ្គេម និងទូទាត់ប្រាក់តាមទូរស័ព្ទដៃរួចមក ធ្វើឱ្យពួកគេកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ។ ក្រៅពីនេះ អ្នកចូលរួមការស្ទង់មតិដែលបានលេងបណ្តាញសង្គម ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ និយាយថា ពួកគេបានផ្លាស់ប្តូរមកគិតបែបវិជ្ជមាន ។
ប្រធានក្រុមស្រាវជ្រាវឱ្យដឹងថា ជំងឺធ្លាក់ទឹកចិត្តបានកើតឡើងចំពោះមនុស្សចាស់កាន់តែច្រើន ស្របពេលពលរដ្ឋអាយុច្រើនកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសចិន ។ ហេតុនេះ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្លាំង ជាពិសេស មនុស្សចាស់, ស្ត្រី, អ្នកមានចំណូលទាប និងពលរដ្ឋរស់នៅជនបទ ។ រដ្ឋាភិបាលគួរផ្តល់ទូរស័ព្ទដៃដល់មនុស្សចាស់ និងផ្តល់ចំណេះដឹងសុខភាពពាក់ព័ន្ធនឹងជំងឺធ្លាក់ទឹកចិត្តក្នុងបណ្តាញសង្គម ។
គួរបញ្ជាក់ថា ប្រទេសចិនមានពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅ ចំនួន២៩៧លាននាក់ នៅឆ្នាំ២០២៣ ស្មើនឹង២១.១% នៃចំនួនពលរដ្ឋសរុប ។ រីឯពលរដ្ឋមានជំងឺធ្លាក់ទឹកចិត្ត ស្មើនឹង២.១% នៅឆ្នាំ២០១៩ ៕










