តារាចម្រៀង សុគន្ធ និសា ទទួលបាននូវអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីតារាចម្រៀង ណុប បាយ៉ារិទ្ធ បានទៅលើកទឹកចិត្តដោយផ្ទាល់ជាមួយនឹងការបង្ហាញពីអារម្មណ៍មួយចំនួន។
កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា អ្នកនាង សុគន្ធ និសា មានការសម្តែងមួយកន្លែងបន្ទាប់ពីចេញស្នាដៃថ្មីជាតារាចម្រៀងឯករាជ្យ។ តារាចម្រៀងរូបនេះទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើនពីភ្ញៀវចូលរួមនៅទីនោះជាពិសេសតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺបានទៅលើកទឹកចិត្ត សុគន្ធ និសា ដោយផ្ទាល់ផងដែរ។ លោក ណុប បាយ៉ារិទ្ធ បាននិយាយទៅកាន់អ្នកនាង និសា ថា អ្វីដែលលោកសប្បាយចិត្តឃើញ សុគន្ធ និសា ប្អូនស្រីជាទីស្រលាញ់ ដៃគូកម្សត់កម្រជាមួយរយៈពេលច្រើនឆ្នាំហើយតែងតែមានស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។
លោក បាយ៉ារិទ្ធ បន្តទៀតថា អ្វីដែលលោកសរសើរ សុគន្ធ និសា ខ្លាំងបំផុតទោះបីជួបបញ្ហាអ្វីធំដល់កម្រិតណាក៏ដោយ សម្រាប់អ្នកដទៃលោកគិតថាដួលហើយតែសម្រាប់ និសា ប្អូនស្រីម្នាក់នេះនៅតែរឹងមាំជានិច្ចផ្តល់ស្នាមញញឹមឱ្យមនុស្សជុំវិញខ្លួន។ លោកក៏បានជូនពរដល់តារាចម្រៀង សុគន្ធ និសា ទទួលបានជោគជ័យ មានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួនឱ្យច្រើនជួបក្តីស្រលាញ់ពិតប្រាកដ ស្មោះត្រង់ ស្នាមញញឹមពិតប្រាកដស្នាមញញឹមយល់ពីក្តីស្រលាញ់។
អ្នកនាង សុគន្ធ និសា បានបង្ហើបប្រាប់ទស្សនិកជនដែរថាកម្លាំងចិត្តមួយផ្នែកធំសម្រាប់នាងគឺបានមកពីលោក ណុប បាយ៉ារិទ្ធ ដោយមិនដឹងខ្លួនថានាងចាត់ទុកលោកដូចជាគ្រូ កន្លងមកមិនថាការសប្បាយចិត្ត ពិបាកចិត្តយ៉ាងណា ដើរទៅក្រៅប្រទេសជាមួយគ្នាគឺលោក ណុប បាយ៉ារិទ្ធ ដឹងថានាងមានបញ្ហាអ្វីខ្លះ។
ម្ចាស់បទ «ពេលខ្ញុំដួលអ្នកនៅឯណា» លើកឡើងទៀតថា នាងមានភាពរឹងមាំដូចសព្វថ្ងៃដោយសារតែពាក្យសម្តីរបស់លោក ណុប បាយ៉ារិទ្ធ បានទូន្មានឱ្យនាងស្គាល់ខ្លួនឯង ឃើញនាងរឹងមាំបែបនេះ លោក ណុប បាយ៉ារិទ្ធ រឹងមាំជាងនាង១០០ដងមិនងាយបាក់ទឹកចិត្តមិនងាយទន់ជ្រាយ៕