តារាចម្រៀងរ៉េបវ័យក្មេង GMENGz ដ្បិតថាបរាជ័យក្នុងការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េបមែនពិតប៉ុន្តែរូបគេពិតជាបានសាងស្នាដៃគួរឱ្យចាប់អារម្មណ៍ជាច្រើនជាពិសេសគឺទទួលបានឱកាសសហការជាមួយនឹងសិល្បកររៀមច្បងដូចជា នរិទ្ធ ដែលជាគ្រូបង្វឹកផ្ទាល់ វណ្ណថាន ខណៈចុងក្រោយនេះបានចូលរួមសម្តែងក្នុង MV របស់ វណ្ណដា សម្តែងជាមួយគ្នាយ៉ាងសម។

អ៊ា សៀវម៉េង ហៅ GMENGz គឺជាអតីតបេក្ខជនកម្មវិធី The rapper Cambodia រដូវកាលទី១ ជាកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ ។ ចូលរួមការប្រកួតនៃវគ្គដំបូង វណ្ណដា បានសរសើរមានមោទនភាពចំពោះ GMENGz នៅពេលរូបគេបង្ហាញសមត្ថភាពរួចរាល់ហើយ វណ្ណដា ក៏បានលើកឡើងថាបេក្ខជនរូបនេះគឺជាតារាចម្រៀងរួចទៅហើយ។ ដ្បិតថាការប្រលងរបស់ខ្លួនរងបរាជ័យពិតមែន ប៉ុន្តែមិនអាចឃាត់មហិច្ឆិតារបស់ GMENGz ទៅលើវិស័យហ៊ិបហបនោះទេ។
GMENGz បានសាងភាពលេចធ្លោជាបន្តបន្ទាប់តាមរយៈស្នាដៃបំរើអារម្មណ៍ទស្សនិកជនហើយទទួលបានការគាំទ្រយ៉ាងខ្លាំងមានបទចម្រៀងផ្ទុះជាច្រើនបទ។ មិនត្រឹមតែប៉ុណ្ណោះ គឺអ្នកចម្រៀងរ៉េបរូបនេះបានសហការជាមួយនឹងរៀមច្បងក្នុងទ្រនំបារមីសាងស្នាដៃថ្មីៗជូនអ្នកគាំទ្រ។ GMENGz បានសហការគ្រូបង្វឹករបស់ខ្លួនគឺនរិទ្ធ ចេញបទចម្រៀង
PEM PEM ទម្លាក់កាលពីខែមេសា ឆ្នាំ២០២៤ ដែលរយៈពេលជាង៦ខែនេះមានការស្តាប់៩.៥លានដង។ GMENGz ក៏បានចេញបទចម្រៀងជាមួយនឹង វណ្ណថាន មានចំណងជើងថា «កូនអ្នកណាគេណ៎»កាលពីថ្ងៃទី១ វិច្ឆិកា មានការស្តាប់ជាង២៥១K។
មិនទាន់អស់នោះទេថ្មីៗនេះ GMENGz ក៏បានសម្តែងក្នុង MV ថ្មីរបស់ វណ្ណដា មានចំណងជើងថា «អាមុំបងអើយ» ដណ្តើមតួស្រី ជាមួយនឹង វណ្ណដា ហើយការសម្តែងអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា ហើយក៏មានការរំពឹងទុកទៅថ្ងៃអនាគតអាចនឹងចាប់ដៃគូគ្នាក៏ថាបាន។ នេះបញ្ជាក់ថា GMENGz គឺទទួលបានឱកាសជាមួយនឹងរៀមច្បងសុទ្ធតែល្បីៗ។
មិនត្រឹមតែប៉ុណ្ណោះ GMENGz បានសាងភាពល្បីៗជាមួយនឹងបទទោលជាច្រើនដូចជាបទ «កុំច្រឡំ» «អាតួ »និងបទ ATTENTION ជាដើមដែលបញ្ជាក់ថា GMENGz ពិតជាមានសមត្ថភាពមិនធម្មតា៕










