ទន្ទឹមនឹងវគ្គផ្តាច់ព្រ័ត្ររកម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ម្ចាស់ពានទាំង៤រដូវកាលមុនរួមមានលោក នី រតនា ឈិន ម៉ានិច្ច គ្រី ថៃពៅ និង លីម តិចម៉េង បានបង្ហាញវត្តមាននិងមានការសម្តែងជុំគ្នា។ ចូលរួមជាភ្ញៀវកិត្តិយសមែនពិតប៉ុន្តែ តិចម៉េង ទទួលបានកាដូជាច្រើនពីអ្នកគាំទ្រ ដែលបញ្ជាក់ថាសន្ទុះប្រជាប្រិយភាពម្ចាស់ពានរូបនេះនៅតែខ្ពស់ត្រដែតទោះបីមានអាយុកាល២ឆ្នាំហើយក្តី។
កាលពីយប់ថ្ងៃទី១០ វិច្ឆិកា កម្មវិធី Cambodian Idol រដូវកាលទី៥ បានរកឃើញម្ចាស់ពានហើយគឺបានទៅលើបេក្ខជន គី សាវីន។ ក្នុងរដូវកាលទីនេះគឺពិសេសមិនធម្មតា ដែលលេចវត្តមានម្ចាស់ពានទាំង៤រដូវកាលរួមមានលោក នី រតនា កញ្ញា ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ និងលោក លីម តិចម៉េង ព្រមទាំងបានសម្តែងរួមគ្នាជាមួយបទចម្រៀងចង្វាក់ប្រពៃណីចំនួន២បទដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនិងមុនប្រកាសលទ្ធផលម្ចាស់ពាន។
ជាមួយការសម្តែងចប់របស់ម្ចាស់ពានទាំង៤រូប លីម តិចម៉េង ដែលជាម្ចាស់ពានរដូលកាលទី៤ ទទួលបានបាច់ផ្កា កាដូជាច្រើនពីអ្នកគាំទ្ររបស់ខ្លួនយកម្នាក់ឯងមិនអស់នោះទេ។ តាមរយៈវីដេអូបង្ហោះនៅលើទិកតុក កាដូ ដែល តិចម៉េង ទទួលបានគឺមួយរទេះរុញឯណោះ។ ស៊ឹម ច័ន្ទពន្លឺ ក៏បានបន្ថែមដែរថា តិចម៉េង ទៅចូលរួមជាភ្ញៀវកិត្តិយសទេប៉ុន្តែទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ទាប់។
នេះបញ្ជាក់ឱ្យឃើញថា លីម តិចម៉េង ជាម្ចាស់ពានមួយរូបដែលនៅតែទទួលបានប្រជាប្រិយភាពមានការគាំទ្រខ្លាំងពីសំណាកអ្នកគាំទ្រទោះបីជាលោកគ្រងជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានជាង១ឆ្នាំហើយក្តី។ គេចាំបានថា រដូវកាលដែល តិចម៉េង ប្រកួតប្រជែងជាមួយនឹងសមាជិក ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន មានការទស្សនា Live នៅលើបណ្តាញសង្គមហ្វេកប៊ុករហូតដល់ទៅជាង៥០០K។
ជាម្ចាស់ពានដែលសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ លីម តិចម៉េង បានកែប្រែវាសនាខ្លួនឯងមានឡានទំនើបជិះ ទិញផ្ទះតម្លៃរាប់ម៉ឺនដុល្លារ។ ក្រៅពីប្រជាប្រិយភាពជាអ្នកចម្រៀង លីម តិចម៉េង ក៏ធ្វើឱ្យមានការសរសើរទៅលើការហ៊ាននិយាយផ្នែកសង្គមមួយចំនួនផងដែរ៕










