សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ជនភៀសខ្លួនរាប់ពាន់នាក់នាំគ្នាដើរចូលទឹកដីអាមេរិក មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីផ្លូវការនៅឆ្នាំ២០២៥ ។ ប៉ុន្តែពលរដ្ឋអាមេរិកបែរជាមានគម្រោងចាកចេញទៅរស់នៅប្រទេសផ្សេងវិញ ។
ជនភៀសខ្លួនប្រមាណ ៣.០០០នាក់បានធ្វើដំណើរពីប្រទេសម៉ិកស៊ិកទៅកាន់តំបន់ព្រំដែនដើម្បីចូលទឹកដីអាមេរិក ក្រោយលោក Donald Trump ឈ្នះឆ្នោត ។ ជនភៀសខ្លួនជាច្រើននាក់បារម្ភថា ការចូលមកទឹកដីអាមេរិកអាចត្រូវរឹតបន្តឹងជាងមុន នៅពេលលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិក ទី៤៧ ជាផ្លូវការ ឬអាមេរិកកំណត់វិធានការតឹងតែងជាថ្មី ។
មន្ត្រីរដ្ឋាភិបាលអាមេរិក២រូបឱ្យដឹងថា រដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងកំណត់វិធានការគ្រប់គ្រងជនភៀសខ្លួនចូលទឹកដីអាមេរិក មុនពេលលោក Trump កាន់តំណែងជាប្រធានាធិបតីផ្លូវការ ខណៈជនភៀសខ្លួនទាំងនេះបារម្ភខ្លាចលោក Trump បញ្ជាឱ្យបិទព្រំដែន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NBC ។.png)
ដោយឡែក ក្រោយពីលទ្ធផលការរាប់សន្លឹកឆ្នោតបង្ហាញយ៉ាងច្បាស់ថា លោក Trump នឹងក្លាយជាប្រធានាធិបតីអាមេរិក ពលរដ្ឋអាមេរិកមួយចំនួនធំមានគម្រោងចាកចេញពីប្រទេសរបស់ខ្លួន តាមរយៈការស្វែងរកទីលំនៅថ្មីក្នុង Google ។
Google បង្ហាញថា ចំនួនការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅប្រទេសកាណាដា» បានកើនឡើងរហូតដល់១.២៧០% ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ។ រីឯការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅនូវែលសេឡង់» បានកើនឡើងជិត២.០០០% ខណៈការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅអូស្ត្រាលី» កើនឡើង៨២០% ។
រីឯទិន្នន័យរបស់ប៉ូលិសអន្តោប្រវេសន៍នូវែលសេឡង់បញ្ជាក់ថា មានពលរដ្ឋអាមេរិកចូលមើលគេហទំព័រអន្តោប្រវេសន៍ រហូតដល់២៥.០០០នាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក បើធៀបនឹងឆ្នាំ២០២៣ មានពលរដ្ឋអាមេរិកចូលមើលគេហទំព័រ ត្រឹមតែ១.៥០០នាក់ ។
Green and Spiegel ជាការិយាល័យច្បាប់ធ្វើការផ្នែកផ្លាស់ប្តូរទីលំនៅរបស់កាណាដាបញ្ជាក់ថា មានមនុស្សជាច្រើនមកពិភាក្សាជាមួយបុគ្គលិកការិយាល័យពីរឿងផ្លាស់ប្តូរទីលំនៅ ហើយការិយាល័យទទួលបានអ៊ីម៉ែលសាកសួរព័ត៌មានផ្លាស់ទីលំនៅ រៀងរាល់កន្លះម៉ោងម្តង ៕










