កាលពីខែតុលា ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួននឹងចេញលក់ម៉ូដែល iPhone 17 Air ដែលជាស្មាតហ្វូនស្តើងបំផុតមិនធ្លាប់មាននៅចុងឆ្នាំ ២០២៥។ មិនយូរប៉ុន្មានថ្មីៗនេះក្រុមហ៊ុន Samsung ក៏កំពុងបង្កើតកំណែទម្រង់ស្តើងបំផុតនៃស៊េរី Galaxy S25 ផងដែរ ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២៥ ដូចគ្នា ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹង iPhone 17 Air ។
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងទិន្នន័យពីអង្គការទូរស័ព្ទពិភពលោក GSMA បានឱ្យដឹងថា បច្ចុប្បន្ន Samsung កំពុងបង្កើត Galaxy S25 Slim ដែលជាស៊េរីស្មាតហ្វូនស្តើងបំផុតរបស់ក្រុមហ៊ុន ដែលនឹងគ្រោងចេញលក់នៅឆ្នាំក្រោយ ដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយ iPhone 17 Air របស់ Apple។ នេះបើយោងតាមរបាយការណ៍ ស្មាតហ្វូនស្តើងបំផុតរបស់ Samsung អាចនឹងបង្ហាញខ្លួននៅត្រីមាសទី ២ ឆ្នាំ ២០២៥។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែល Samsung ធ្វើការពិសោធន៍ជាមួយនឹងការរចនាស្មាតហ្វូនរាងស្ដើង។ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនបានបញ្ចេញ Galaxy Alpha ដែលមានកម្រាស់ត្រឹមតែ ៦.៧mm បើប្រៀបធៀបទៅនឹង Galaxy S5 ធម្មតា ៨.១mm។ ប្រភពឧស្សាហកម្មបាននិយាយថា Samsung មើលឃើញកិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះថាជាជំហានយុទ្ធសាស្ត្រមួយដើម្បីធ្វើឱ្យទីផ្សារស្មាតហ្វូនកាន់តែទាក់ទាញ ចំពេលមានតម្រូវការធ្លាក់ចុះ។
សម្រាប់ Apple ម៉ូដែល iPhone 17 Air ដែលនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ត្រូវបានគេនិយាយថាមានអេក្រង់ទំហំ ៦.៦ អ៊ីញដែលមានកម្រិត Refresh Rate 120Hz។ អ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា លោកគិតថា iPhone 17 Air នឹងមានបន្ទះឈីប A19 ស្តង់ដារ កោះថាមវន្ត កាមេរ៉ាខាងក្រោយតែមួយ និងម៉ូដឹម 5G ដែលរចនាដោយ Apple។
ទោះជាយ៉ាងណាពេលវេលានៃការចេញផ្សាយផលិតផលទាំងពីរនេះ បានបង្ហាញថា ឆ្នាំ ២០២៥ អាចសម្គាល់ការចាប់ផ្តើមនៃនិន្នាការថ្មីមួយ ដែលផ្តោតលើភាពស្តើងនៃឧបករណ៍ពីក្រុមហ៊ុនស្មាតហ្វូនយក្សទាំងពីរ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការសង្កត់ធ្ងន់លើការកែលម្អសមត្ថភាពរូបភាព និងថាមពលដំណើរការ៕










