តារាសម្តែង មាន សូនីតា ថ្វីបើបច្ចុប្បន្នពុំទាន់វិលត្រឡប់មកការសម្តែងពីវិស័យភាពយន្តក្តី ប៉ុន្តែតារាស្រីរូបនេះបានបង្ហាញពីទិដ្ឋភាពផ្សេងៗតាមរយៈការថតរូប វីដេអូ ចែកជូនទៅដល់ហ្វេនៗទស្សនា។ ជាក់ស្តែងថ្មីៗនេះស្របពេលព្រះរាជពិធីបុណ្យ អុំទូក ជិតចូលមកដល់ មាន សូនីតា មិនរួញរាទោះជួបឧបសគ្គ ការភ័យខ្លាចយ៉ាងណាក្តី ផ្តិតយករូបភាពដើម្បីបង្ហាញទៅកាន់ទេសចរអន្តរជាតិ។
តាមរយៈវីដេអូដែលចែករំលែកនៅលើបណ្តាញសង្គមរយៈពេលជិត២នាទី ទស្សនិកជនបានឃើញ មាន សូនីតា ស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបង្ហាញពី «ស្នាមញញឹមនារីកម្ពុជាលើដងទន្លេសាប»។

ក្នុងនាមជាសិល្បការនីខ្មែរមួយរូប មាន សូនីតា ថា នាងពិតជាមានក្ដីសោមនស្ស ក្នុងការចូលរួមអបអរសាទរ និងផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកូនខ្មែរ និងភ្ញៀវបរទេសបានដឹង និងជ្រួតជ្រាបពី ភាពស្រស់ស្អាត ភាពអស្ចារ្យ និងការដឹងគុណដល់ដូនតាខ្មែរ ដែលបានបង្កើតព្រះរាជពិធីបុណ្យនេះឡើងដើម្បីជាការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិដ៏រីករាយក្អាកក្អាយ។
ជាមួយគ្នានេះ តារាសម្តែង មាន សូនីតា ក៏បានបង្ហាញដែរថា ការថតវីដេអូនេះជួបនូវឧបសគ្គច្រើនយ៉ាងណាក្ដី ក៏ឆន្ទៈជាកូនខ្មែរបានរុញច្រាននាងឱ្យបង្កើត និងផលិតវីដេអូមួយនេះដោយជោគជ័យជូនបងប្អូនជនរួមជាតិបានទស្សនា។
ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធរយៈពេល ០៣ ថ្ងៃ គឺចាប់ពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤។ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ៕










