តារាចម្រៀង វ៉ាន់ នីឡា បានចាត់ទុកថាអ្នកយករឿងអតីតកាលរបស់គេមកនិយាយធ្វើឱ្យសាមីខ្លួនគេមិនសប្បាយចិត្តជាមនុស្សដែលគ្មានសុជីវធម៌។ ការលើកឡើងរបស់តារាចម្រៀងរូបនេះបន្ទាប់ពីមានអ្នកខម្មិនដាក់នាងរឿងអតីតកាលធ្វើឱ្យកេរ្តិ៍ឈ្មោះមិនសូវល្អ បើគ្មានរឿងនេះនឹងល្បីល្បាញខ្លាំង។
នៅថ្ងៃទី៦ វិច្ឆិកា នេះ វ៉ាន់ នីឡា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយភ្ជាប់មកជាមួយចំណងជើងថា «សង្ឃឹមថាបងប្អូនមួយចំនួនឈប់យកចំនុចខ្សោយរបស់គេមកជាន់ឬរំលឹកពីអ្វីដែលឱ្យសាមីខ្លួនគេមិនសប្បាយចិត្ត»។ ក្នុងវីដេអូជាង២នាទីនេះ វ៉ាន់ នីឡា បានលើកពីខម្មិនមួយថា «កេរ្តិ៍ឈ្មោះមិនសូវល្អតែអ្នកនៅតែស្រស់ស្អាត»។
តារាចម្រៀងរូបនេះបានពោលពាក្យអរគុណសម្រាប់ការខម្មិន នៅតែស្រស់ស្អាត ប៉ុន្តែនៅត្រង់ចំណុច កេរ្តិ៍ឈ្មោះមិនសូវល្អ កន្លែងនេះនាងនិយាយថាគឺអាស្រ័យទៅលើការគិតរបស់បុគ្គល បញ្ហាដែលបានកើតឡើងកន្លងមកគ្មានអ្នកណាចង់ឱ្យកើតឡើងនោះទេទៅតាមទស្សនៈរៀងៗខ្លួន ហើយពាក្យនេះកេរ្តិ៍ឈ្មោះមិនសូវល្អ ជាអ្វីដែលគាត់បានដាក់មកឱ្យនាង គិតថាមានបញ្ហានឹងកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្អនាងក៏មិនខឹងដែរ។
វ៉ាន់ នីឡា ថាប៉ុន្តែសម្រាប់នាងផ្ទាល់បើគិតយកសម្ពាធពីរឿងអតីតកាលដែលធ្លាប់ជួបប្រទះ យកមកឡូកឡំនឹងជីវិតរបស់នាងបន្ទាប់ពីមានបញ្ហានាងប្រហែលទៅចាប់ជាតិថ្មីទៅឋានមរលោកហើយ នាងមិនអាចមានជីវិតជីវ៉ាលេងទិកតុក ច្រៀងឱ្យមហាជនស្តាប់ឡើងវិញនោះទេទេ។ ចំពោះមតិមួយទៀត ដែលលើកឡើងថា «កុំដោយសារតែរឿងហ្នឹងគាត់ល្បីខ្លាំងណាស់» វ៉ាន់ នីឡា បានអរគុណចំពោះការមើលឃើញពីសមត្ថភាពរបស់នាង ប៉ុន្តែសម្រាប់នាងគិតថា ជីវិតមនុស្សម្នាក់ៗមានឡើងមានចុះ អ្នកខ្លះមិនមានបញ្ហាដូចជាខ្លួនក៏លែងសូវមានអ្នកគាំទ្រ ហើយនាងគិតថាភាពល្បីល្បាញមានលេខរបស់វា។
ម្ចាស់បទ «មិនចង់ខូចចិត្តដដែលៗ» បន្តថាអ្វីដែលធ្វើបានមានតែការខំប្រឹងបញ្ចេញសមត្ថភាពនៅតែបង្ហាញមុខទៅកាន់ទស្សនិកជន។ វ៉ាន់ នីឡា បានសង្កត់ធ្ងន់ថា រឿងអតីតកាលរបស់នាងគឺហួស វាបានកើតឡើងហើយ ចំណែកអ្នកខ្លះដែលនៅមានការខម្មិនតែងតែនិយាយពីអតីតកាល រឿងពិបាកចិត្តរបស់គេនាងគិតថាជាមនុស្សដែល «អត់មានសុជីវធម៌»។
គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បានលេចមុខចេញបទចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី ធ្វើជាពិធីការិនី ខណៈចុងក្រោយនេះនាងបានចេញបទ«បងឈ្នះហើយ» នៅលើយូធូបផ្ទាល់ខ្លួន៕










