ប្រទេសចិន ៖ ចិនជាប្រទេសមហាអំណាច និងជាគូប្រជែងជាមួយអាមេរិកផ្នែកពាណិជ្ជកម្មបានបង្ហាញក្តីសង្ឃឹមថា ចិននឹងនៅតែរក្សាទំនាក់ទំនងល្អ និងសុខសន្តិភាពជាមួយអាមេរិក ។ ចិនលើកឡើងបែបនេះ ក្រោយពីលោក Donald Trump ជាបេក្ខជនមកពីគណបក្ស Republican បានទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដែលមានសំឡេងឆ្នោតច្រើនជាងលោកស្រី Kamala Harris មកពីគណបក្ស Democrat ។
លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប្រទេសចិននឹងរក្សាសម្ព័ន្ធភាពជាមួយអាមេរិក ហើយប្រទេសទាំងពីរនឹងគោរពគ្នាទៅវិញទៅមក ។ យើងនឹងរក្សាសុខសន្តិភាពរួមគ្នា និងសហការដើម្បីទទួលបានផលប្រយោជន៍ស្មើគ្នាបន្តទៀត ។.png)
គោលនយោបាយចិនស្របជាមួយអាមេរិក ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក គឺជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ហើយចិននឹងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិក ។ ក្រោយការប្រកាសពីលទ្ធផលការបោះឆ្នោតនៅអាមេរិកជាផ្លូវការរួចហើយ ចិននឹងអនុវត្តការងារពាក់ព័ន្ធបន្តទៀតជាមួយអាមេរិក ។
ប្រទេសចិនបានតាមដានយ៉ាងខ្លាំងពីការបោះឆ្នោតនៅអាមេរិក ហើយក្នុងបណ្តាញសង្គមដ៏ពេញនិយមរបស់ចិនឈ្មោះ Weibo មានការជជែកគ្នាយ៉ាងច្រើនពីការជ្រើសរើសលោក Trump ជាប្រធានាធិបតី ។ អ្នកលេងបណ្តាញសង្គមចិននិយាយថា ពួកគេសូមចូលរួមរីករាយជាមួយលោក Trump បានទទួលជោគជ័យក្នុងការបោះឆ្នោត លោកនឹងអភិវឌ្ឍន៍ប្រទេសបន្តទៀត ហើយបញ្ឈប់ការជ្រៀតជ្រែកប្រទេសផ្សេង ។
មតិខ្លះបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មរវាងចិន និងអាមេរិកថា សង្គ្រាមពាណិជ្ជកម្មចាប់ផ្តើមហើយ ដោយសារអាមេរិកដំឡើងពន្ធទំនិញចិន ។ ហេតុនេះ ក្រុមហ៊ុនចិនរកស៊ីក្រៅស្រុកគួរតែពិចារណាផ្លាស់ប្តូរការងារឱ្យលឿនបំផុត ។
ដោយឡែក លោក Dmitry Peskov មន្ត្រីនាំពាក្យវិមានក្រឹមឡាំង (ឬវិមានប្រធានាធិបតីរុស្ស៊ី) បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីនឹងវាយតម្លៃលោក Trump ប្រធានាធិបតីថ្មីអាមេរិកតាមរយៈទង្វើ ។ លោកពុំដឹងថា តើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងចូលរួមអបអរជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Trump ដែរឬទេ ដោយសារអាមេរិកពុំមែនជាមិត្តរុស្ស៊ី ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។ ពេលវេលានឹងពិសោធន៍ឱ្យឃើញថា តើលោក Trump ចង់បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែននឹងក្លាយជាការពិតឬទេ?.png)
យើងបាននិយាយជាច្រើនលើកថា អាមេរិកអាចបញ្ចប់សង្គ្រាមបាន ប៉ុន្តែពុំអាចបញ្ចប់ក្នុងរយៈពេលខ្លីទេ ។ រីឯករណីអាមេរិកអាចផ្លាស់ប្តូរគោលនយោបាយការបរទេសឬយ៉ាងណានោះ រុស្ស៊ីនឹងរង់ចាំមើលក្រោយប្រធានាធិបតីថ្មីអាមេរិកឡើងកាន់តំណែង នៅខែមករា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យវិមានក្រឹមឡាំង ៕










