កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា តាមកម្មវិធីដែលគ្រោងទុកនៅចុងឆ្នាំ២០២៤នេះខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ កីឡាធំៗចំនួនបីនឹងរៀបចំនៅតំបន់អង្គរ ។
ព្រឹត្តិការណ៍ទាំងបីនេះមាន៖ ១.ព្រឹត្តិកាណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលនឹងរៀបចំឡើង នៅថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី២ ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខ ព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀមរាប ដែលនឹងរៀបចំឡើងចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
និងទី៣.ព្រឹត្តិកាណ៍រត់ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons”ដ៏មានប្រជាប្រិយភាពនៃតំបន់អឺរ៉ុប ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់ រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដែលនឹងរៀប ចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។
ជាការត្រៀមលក្ខណៈឱ្យបានល្អគ្រប់ជ្រុងជ្រោយ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីជំរុញកីឡាទេសចរណ៍ និងវប្បធម៌ឱ្យកាន់តែមានភាពទាក់ទាញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប៕