អ្នកលេងបណ្តាញសង្គមទិកតុកបានប្រៀបធៀបការរ៉េបរបស់តារាចម្រៀង វណ្ណដា និង ជី ដេវីត ដែលមានការច្រៀងរ៉េបញាប់ដោយផ្ទាល់នៅលើឆាកប្រគំតន្រ្តី។ ទស្សនិកជនបានលើកឡើងថា «ស្រលាញ់ទាំងពីរព្រោះជាខ្មែរដូចគ្នា»។
កាលពីប្រគំតន្រ្តីនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ វណ្ណដា ត្រូវបានហ្វេនៗសំណូមពរឱ្យសម្តែងបទ JO2 ខណៈ វណ្ណដា បានឆ្លើយតបថាលោកមិនដែលសម្តែងបទនេះនៅលើឆាកនោះទេដោយ វណ្ណដា បានជ្រើសរើសបទចម្រៀងសប្បាយៗផ្សេងទៀតឱ្យទស្សនិកជនសប្បាយរីករាយ។ យ៉ាងណាមិញ ក្រឡេកទៅអ្នកលេងទិកតុកវិញបានកាត់វីដេអូការរ៉េបដោយផ្ទាល់របស់ វណ្ណដា នាពេលថ្មីៗនេះនិងការរ៉េបរបស់ ជី ដេវីត ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
វីដេអូ១នាទីនៃការរ៉េបដោយផ្ទាល់របស់ ជី ដេវីត និង វណ្ណដា បានធ្វើឱ្យមានការទាក់ទាញអ្នកចូលទស្សនារាប់ម៉ឺននាក់ និងការចុច Like ជាង២ពាន់នាក់និងមតិជាច្រើនផងដែរ។ ហ្វេនៗបានបង្ហាញការចូលចិត្តទៅលើអាយដលរៀងៗខ្លួនមិនសូវជាផ្ទុះចម្រូងចម្រាសប៉ុន្មាននោះទេថែមទាំងមានមតិខ្លះ បង្ហាញការស្រលាញ់ចូលចិត្តអ្នកទាំងពីរ និងបានលើកឡើងទៀតថាម្នាក់មួយបែបមិនចាញ់គ្នានោះទេ ខណៈអ្នកទាំងពីរសុទ្ធតែល្បីល្បាញដូចគ្នា។.png)
គួរបញ្ជាក់ថា ចាប់តាំងពី ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាជួបមុខតទល់នៅក្នុងពិធីការមង្គលការ ហេង វិសាល និង ជា ស្រីនា មកហ្វេនៗមួយចំនួនបានរំងាប់ការខឹងស្អប់គ្នាបានខ្លះ ខណៈកាលពីកន្លងមកហ្វេនៗមួយចំនួនរបស់អ្នកទាំងពីរគឺតែងតែរកាំរកូសជាមួយគ្នាជានិច្ច ដ្បិតថាមិនបញ្ចប់ទាំងស្រុង ប៉ុន្តែក៏រំងាប់ចិត្តស្ងប់បានមួយផ្នែកផងដែរ៕










