ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនមនុស្សស្លា.ប់ ដោយសារការផ្ទុះភ្នំភ្លើង Lewotobi Laki Laki ក្នុងខេត្ត East Nusa Tenggara លើកោះហ្វរ៉េស ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកើនឡើងរហូតដល់១០នាក់ ។ រីឯពលរដ្ឋរាប់ពាន់នាក់ទៀតដែលរស់នៅក្បែរតំបន់ភ្នំភ្លើង ត្រូវបានអាជ្ញាធរជម្លៀសចេញពីលំនៅឋាន ។.png)
ភ្នំភ្លើង Lewotobi Laki Laki មានកម្ពស់១.៧០៣ម៉ែត្រ បានផ្តល់សញ្ញាគ្រោះថ្នាក់ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា កន្លងមក ទើបមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងបានប្រកាសពីសញ្ញាព្រមានគ្រោះថ្នាក់ ចាប់ពីកម្រិត៣ ទៅកម្រិត៤ ដែលមានគ្រោះថ្នាក់បំផុត ។ ក្រៅពីនេះ មជ្ឈមណ្ឌលក៏បានហាមឃាត់ភ្ញៀវទេសចរចូលមកក្បែរភ្នំភ្លើងចម្ងាយ៧គីឡូម៉ែត្រ ។.png)
នាយកមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិយាយថា មានគ្រោះរញ្ជួយដីនៅតំបន់ភ្នំភ្លើងកម្រិតស្រាលចំនួន១៣៣លើក ។ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បានប្រាប់ពីមូលហេតុធ្វើឱ្យពលរដ្ឋស្លាប់ ដោយសារពួកគេត្រូវដុំថ្មធំៗធ្លាក់ពីលើកំពូលភ្នំសង្កត់ ។ រីឯដំបូលលំនៅឋានពលរដ្ឋដែលស្ថិតនៅឆ្ងាយពីភ្នំភ្លើង ប្រមាណ៤គីឡូម៉ែត្រត្រូវបានភ្លើងឆេះ ។
អាជ្ញាធរ និងភ្នាក់ងារសង្គ្រោះបានស្វែងរកជនរងគ្រោះជាប់នៅក្រោមគំនរអគារបាក់បែក ។ អ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងភាគច្រើនរស់នៅភូមិក្លាតាន់ឡូ តំបន់វ៉ូឡាំងគីតាំង ហើយមានភូមិចំនួន៦ ក្នុងតំបន់វ៉ូឡាំងគីតាំង បានខូចខាតដោយសារភ្នំភ្លើងផ្ទុះ ដូចជា ៖ ភូមិពូលូឡេរ៉ា, ភូមិណាវ៉ូកូតេ, ភូមិហូកេងចាយ៉ា, ភូមិក្លាតាន់ឡូ, ភូមិប៉ូរូ និងភូមិបូរូកេដាំង ។.png)
គួរបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki Laki បានផ្ទុះជាបន្តបន្ទាប់តាំងពីចុងខែតុលា ឆ្នាំ២០២៤ មកម៉្លេះ ហើយនៅថ្ងៃទី៣១ ខែតុលា មានផ្សែងចេញពីកំពូលភ្នំឡើងទៅលើអាកាស ប្រមាណ២.០០០ម៉ែត្រ ។
កាលពីខែធ្នូ ឆ្នាំ២០២៣ ភ្នំភ្លើង Marapi នៅខាងលិចខេត្តសុម៉ាត្រា ក៏បានផ្ទុះខ្លាំងដូចគ្នាដែរ ដែលបណ្តាលឱ្យអ្នកឡើងភ្នំស្លាប់យ៉ាងហោចណាស់ ២៤នាក់ ក្នុងនោះភាគច្រើនជានិស្សិត ។ បន្ទាប់មក នៅខែឧសភា ឆ្នាំ២០២៤ ក្រោយពីភ្លៀងធ្លាក់ខ្លាំង កំអែភ្នំភ្លើង Marapi បានហូរមកកាន់ភូមិបណ្តាលឱ្យពលរដ្ឋស្លាប់ជាង៦០នាក់ ៕.png)










