សហរដ្ឋអាមេរិក ៖ លោក Lenny Maughan គឺជាកីឡាកររត់ចម្ងាយឆ្ងាយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានគំនិតថ្មីមួយខុសប្លែកពីកីឡាករផ្សេងទៀត ដោយលោកបានរត់ក្នុងទីក្រុងឱ្យក្លាយជារូបភាពផ្សេងៗ ។ វាជាស្នាដៃសិល្បៈថ្មីកើតឡើងដោយសារការហាត់ប្រាណ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ។
លោក Lenny និយាយថា ៖ «រយៈពេលជាច្រើនឆ្នាំមកនេះ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបានបង្កើតស្នាដៃសិល្បៈប្រមាណ៥៣ផ្ទាំង ហើយស្នាដៃនីមួយៗមានលក្ខណៈស្មុគស្មាញខុសគ្នា ។ រីឯចម្ងាយផ្លូវដែលរត់ក្នុងទីក្រុង គឺខ្ញុំបានកំណត់ឱ្យវាបង្ហាញជារូបភាពផ្សេងៗ ដូចជា ៖ រូបសត្វ, មនុស្ស និងដើមឈើ» ។
លោកបន្តទៀតថា ៖ «ចំណុចពិបាកបំផុតសម្រាប់ការបង្កើតស្នាដៃនេះ គឺការរត់ឡើងលើភ្នំ ។ ខ្ញុំពុំអាចចៀសវាងរត់តាមផ្លូវលំបាកៗបានទេ ពីព្រោះចង់ឱ្យវាបង្ហាញរូបភាពឡើងមក ហើយខ្ញុំពុំធ្លាប់គិតពីការរត់តាមផ្លូវកាត់ឡើយ» ។
លោកបានប្រើប្រាស់ App ពិសេសមួយសម្រាប់ហាត់ប្រាណឈ្មោះថា Strava និង MapMyRun ដែលកម្មវិធីនេះនឹងកត់ត្រាចម្ងាយផ្លូវរត់របស់លោ
កទាំងអស់ ។ មុនពេលទទួលបានរូបភាពដោយសារការរត់នេះ គឺលោកបានរៀបចំគម្រោង និងគូរផ្លូវដែលប្រុងរត់ក្នុងផែនទីម្តងហើយម្តងទៀត ព្រមទាំងមើលទីតាំងភូមិសាស្ត្រផងដែរ ។
ពេលខ្លះ ការកំណត់ចម្ងាយផ្លូវរត់ឱ្យក្លាយជារូបភាពតាមតម្រូវការនេះ គឺចំណាយពេលយូរជាងការរត់តាមធម្មតា ។ ចំណុចសំខាន់ ត្រូវប្រុងប្រយ័ត្នក្នុងពេលរត់ ពីព្រោះបើលោករត់ខុសផ្លូវអាចធ្វើឱ្យខូចរូបភាពបាន ។
មនុស្សភាគច្រើនមិនចង់ជឿថា មានអ្នកអាចបង្កើតស្នាដៃសិល្បៈចេញជារូបភាពផ្សេងៗមកពីការរត់បែបនេះទេ ។ ប៉ុន្តែអ្វីដែលលោក Lenny បានបង្ហាញស្នាដៃឱ្យមនុស្សគ្រប់គ្នាឃើញនេះបញ្ជាក់ថា អ្វីៗក៏អាចកើតឡើងបានដែរ ប្រសិនបើយើងមានការស្រមើស្រមៃចង់ឱ្យវាក្លាយជាការពិត ។
រូបភាពផ្សេងៗកើតឡើងដោយសារការរត់របស់លោក Lenny ដោយការប្រើប្រាស់ GPS បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះវាជាស្នាដៃសិល្បៈថ្មីកើតឡើងដោយសារការហាត់ប្រាណ ។ គេជឿថា មុននឹងទទួលបានស្នាដៃនេះ គឺត្រូវមានភាពអត់ធ្មត់យ៉ាងខ្លាំង ពីព្រោះលោកបានរត់ឡើង-ចុះភ្នំ ៕










