ប្រទេសថៃគឺជាប្រទេសដែលមានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តច្រើនជាងគេនៅតំបន់អាស៊ីយើងនេះ ដោយសារនៅទីនោះមានកន្លែងសម្បូរបែបជាច្រើនរួមមាន កន្លែងប្រវត្តិសាស្ត្រ ទឹកធ្លាក់ ប្រាសាទដ៏ស្រស់ស្អាត សណ្ឋាគារខ្ពស់ៗ ប្រណីតៗ ឧទ្យានជាតិដ៏ធំល្វឹងល្វើយ និងកន្លែងអស្ចារ្យសំខាន់ៗរាប់ស៊ិបទៀត ដែលកំពុងរង់ចាំភ្ញៀវទេសចរមកទស្សនា ដើម្បីទទួលបានបទពិសោធន៍ប្លែកៗ និងពិសេសៗនៅចុងរដូវវស្សា ដើមរដូវរងានេះ។ ដូច្នេះហើយសម្រាប់ភ្ញៀវដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ទេសភាពបៃតងស្រស់បំព្រង អាចមកលេងនៅកន្លែងដូចខាងក្រោម៖
១.ឧទ្យានប្រវត្តិសាស្ត្រ Si Thep៖ ស៊ីទេពគឺជាកន្លែងអរិយធម៌ដ៏សំខាន់ និងបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូថា ជាឧទ្យានប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត។ ជាការពិតណាស់ ឧទ្យាននេះពោរពេញទៅដោយទីតាំងបុរាណ ដែលលេចចេញជាភស្តុតាងសំខាន់ៗ ឆ្លុះបញ្ចាំងពីការតាំងទីលំនៅរបស់មនុស្សតាំងពីបុរាណកាល។ វាមានទីតាំងនៅស្រុក Si Thep ខេត្ត Phetchabun ប្រទេសថៃ។

២.ទីក្រុងបុរាណ Ban Mung៖ ទីតាំងសំខាន់មួយទៀតនៃខេត្ត Phitsanulok គឺ Ban Mung ដែលជាទីក្រុងបុរាណមានភាពទាក់ទាញជាច្រើនដែលអ្នកគួរស្វែងរក។ នៅទីនេះមានកន្លែងទេសចរណ៍ល្បីៗដូចជា ល្អាងហ្លួងផរ ប៊ុនម៉ី ល្អាងណាងស៊ីសុង ទឹកធ្លាក់ឃុនហួយធឿនជាដើម។ ហើយអ្វីដែលអស្ចារ្យជាងគេនោះគឺសកម្មភាពមើលសត្វប្រចៀវនៅក្នុងភូមិ ដោយសារសត្វប្រចៀវរាប់លានក្បាលរស់នៅក្នុងរូងភ្នំ ហើយពួកវានឹងហោះចេញពីរូងភ្នំដើម្បីស្វែងរកអាហារនៅពេលល្ងាច។ ក្រៅពីទទួលបានបទពិសោធន៍ទាំងនេះយើងក៏អាចស្នាក់នៅផ្ទះប្រក់ស្បូវ ហើយសម្រាក និងគយគន់ទេសភាពធម្មជាតិផងដែរ។
៣.ឧទ្យានជាតិ Lan Hin Pum៖ Lan Hin Pum គឺជាឧទ្យានជាតិដ៏ល្បីល្បាញមួយ ដែលកំពុងរង់ចាំភ្ញៀវទេសចរ ដើម្បីទទួលយកបទពិសោធន៍ពិសេសៗនៅទីនេះ។ ជាមួយនឹងថ្មមានរូបរាងខុសធម្មតា ហើយលេចចេញជាដុំៗ បានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ថ្មប្លែកៗទាំងនេះត្រូវបានគេជឿថាបណ្តាលមកពីស្នាមប្រេះនៅក្នុងថ្មតូចៗដែលពុកផុយ ពីប្រតិកម្មគីមី និងរូបវន្តដែលបំផ្លាញថ្មទៅជារបារ។ បន្ទាប់មកនៅពេលប៉ះនឹងខ្យល់និងទឹក វានឹងមានស្នាមប្រេះតូចៗ ហើយវាក៏មានរាងមូលស្រដៀងនឹងប៊ូតុងថ្ម ឬសសរថ្មទាបតែម្តង ដែលធ្វើឱ្យតំបន់នេះមានភាពស្រស់ស្អាតបំផុត៕