ក្រចកដៃ ឬក្រចកជើងជាធម្មតាគឺមិនសូវមានអ្នកយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែដឹងអំពីរោគសញ្ញាមិនធម្មតាមួយចំនួននៃក្រចក ដែលមិនគួរមើលរំលងឡើយ ព្រោះវាអាចជាសញ្ញាមិនប្រក្រតី ឬជាសញ្ញាប្រមាននៃជំងឺកាចសាហាវផ្សេងៗ។
១.ក្រចកមានពណ៌លឿង ឬពណ៌ស៖ ប្រសិនបើអ្នកសម្គាល់ឃើញថាក្រចករបស់អ្នកពីដំបូងមានពណ៌ផ្កាឈូក ហើយបានក្លាយទៅជាពណ៌លឿង ឬពណ៌សវិញ នេះអាចជាសញ្ញាព្រមាននៃការឆ្លងមេរោគផ្សិតក្រចក។ ភាពមិនធម្មតានេះអាចត្រូវបានរកឃើញទាំងក្រចកដៃ និងក្រចកជើង លើសពីនេះវាក៏អាចជារោគសញ្ញានៃជំងឺស្បែក រួមទាំងជំងឺក្រពេញទីរ៉ូអ៊ីតធ្ងន់ធ្ងរ ជំងឺសួត និងទឹកនោមផ្អែមផងដែរ។

២.ក្រចកស្តើងជាងធម្មតា៖ ក្រចកដែលស្តើងជាងធម្មតា ហើយមានរាងកោង វាអាចជាសញ្ញាព្រមាននៃភាពស្លេកស្លាំង នេះគឺជារោគសញ្ញាដែលបណ្តាលមកពីកង្វះជាតិដែកនៅក្នុងខ្លួន ក្នុងករណីខ្លះ ភាពមិនប្រក្រតីនេះអាចទាក់ទងនឹងប្រភេទមួយចំនួននៃជំងឺបេះដូង ឬ hypothyroidism ជាដើម។
៣.ក្រចកគ្រើមៗមានភាពរដុប៖ កាលដែលអ្នកមានក្រចកបែបនេះវាអាចជាសញ្ញានៃជំងឺស្បែក psoriasis ហើយវាក៏អាចមានបញ្ហាមិនប្រក្រតីផ្សេងទៀតដូចជាការជ្រុះសក់ជាបំណះ ឬអាឡែស៊ី ជាដើម។
៤.ក្រចកពណ៌សពាក់កណ្តាល៖ ក្រចកពណ៌សពាក់កណ្តាល ជារឿយៗត្រូវបានរកឃើញចំពោះអ្នកដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងជំងឺខ្សោយបេះដូង៕