សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពការងារ និងការឈប់សម្រាកឈឺរបស់បុគ្គលិកក្រុមហ៊ុន ខណៈច្បាប់ចាស់បានអនុញ្ញាតឱ្យបុគ្គលិកអាចសុំច្បាប់ពេលឈឺ និងមើលថែសមាជិកគ្រួសារឈឺប៉ុណ្ណោះ ។ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបុគ្គលិកអាចសុំច្បាប់មើលថែសត្វចិញ្ចឹមឈឺផងដែរ ។
មតិយល់ស្របនានាបានលើកឡើងក្នុងទស្សនាវដ្តី Newsweek ថា ពលរដ្ឋអាមេរិកនឹងមានឱកាសអនុវត្តច្បាប់ឈឺដើម្បីគាំទ្រការចិញ្ចឹមសត្វ ដែលមានប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកក្រុមហ៊ុន ។ ការថែទាំសត្វចិញ្ចឹមអាចជួយឱ្យមនុស្សមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ហើយវាជាគោលបំណងសំខាន់នៃការសុំច្បាប់ឈឺតាំងពីដំបូង ។
តាមការស្រាវជ្រាវបង្ហាញថា ការចិញ្ចឹមសត្វអាចជួយកាត់បន្ថយការតានតឹងផ្លូវចិត្ត ហើយធ្វើឱ្យសុខភាពផ្លូវចិត្តបុគ្គលិកល្អ ។ ក្រៅពីនេះ នៅមានភស្តុតាងផ្សេងទៀតបញ្ជាក់ថា ការចិញ្ចឹមឆ្កែពិតជាអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ។.png)
បើច្បាប់ថ្មីនេះត្រូវបានអនុម័ត វានឹងជួយឱ្យពលរដ្ឋនៅទីក្រុងញូវយ៉កចិញ្ចឹមសត្វច្រើន ហើយពួកគេនឹងមានសុខភាពផ្លូវចិត្តល្អជាងមុន ។ តាមទិន្នន័យរបស់សមាគមផលិតផលសត្វចិញ្ចឹមអាមេរិកបង្ហាញថា គ្រួសារអាមេរិកចំនួន២ ក្នុងចំណោម៣គ្រួសារ បានចិញ្ចឹមសត្វក្នុងផ្ទះ ។
បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនបានអនុវត្តគោលការណ៍ស្រដៀងនេះរួចហើយ ដូចជា ៖ ក្រុមហ៊ុនទីផ្សារ Nina Hale ស្ថិតនៅទីក្រុង Minneapolis បានអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់សម្រាកពីការងារ ដើម្បីយកសត្វចិញ្ចឹមថ្មីមកចិញ្ចឹមបន្ថែមទៀត ។
នៅទីក្រុងញូវយ៉ក បានកំណត់ឱ្យបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនធំៗអាចសុំច្បាប់ឈឺ ឬសុំច្បាប់ដោយសារកើតគ្រោះថ្នាក់លើខ្លួនឯង និងសមាជិកគ្រួសារ មិនលើសពី៥៦ម៉ោង ។ ប៉ុន្តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យពួកគេសុំច្បាប់មើលថែសត្វឈឺផងដែរ ដោយសារពលរដ្ឋអាមេរិកយល់ឃើញថា សត្វចិញ្ចឹម គឺជាសមាជិកគ្រួសាររបស់ខ្លួន ។
Bryan Driscoll ជាទីប្រឹក្សាផ្នែកធនធានមនុស្សនិយាយថា សត្វចិញ្ចឹមបានក្លាយជាសមាជិកគ្រួសាររបស់ពលរដ្ឋអាមេរិក ជាពិសេស អ្នករស់នៅកន្លែងស្ត្រេស ដូចជា ៖ ទីក្រុងញូវយ៉ក ។ សត្វចិញ្ចឹមបានធ្វើឱ្យពួកគេមានអារម្មណ៍ល្អ ហើយការអនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិឈប់សម្រាកមើលថែសត្វចិញ្ចឹម គឺជាការយល់ដឹងពីបញ្ហានេះ ហើយធ្វើឱ្យបុគ្គលិកដឹងថា ជីវិតក្រៅពីការងារ ក៏មានសារៈសំខាន់ដូចគ្នា ។.png)
សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ ឈ្មោះ Alex Beene មកពីសាកលវិទ្យាល័យ Tennessee ប្រាប់ថា ការថែទាំសត្វចិញ្ចឹមសម័យនេះ បានចំណាយប្រាក់ច្រើនដូចការថែទាំកុមារដែរ មានន័យថា ការសុំច្បាប់ការងារទៅមើលថែសត្វឈឺ គឺអាចជួយសន្សំសំចៃប្រាក់បានច្រើនជាងការយកសត្វទៅឱ្យគ្លីនិកថែទាំ ។
គេរំពឹងថា ច្បាប់នេះនឹងទទួលបានការអនុម័ត និងអនុវត្តនាពេលឆាប់ៗ ពីព្រោះពលរដ្ឋញូវយ៉ករាប់លាននាក់បានចិញ្ចឹមសត្វក្នុងផ្ទះ ហើយពលរដ្ឋគ្រប់គ្នាសង្ឃឹមថា សភានឹងគាំទ្រសេចក្តីព្រាងច្បាប់នេះ ។ ដូច្នេះ បើនាយកក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកទទួលខុសត្រូវព្យាបាលសត្វចិញ្ចឹមរបស់ខ្លួន នឹងធ្វើឱ្យបុគ្គលិកអាចបំពេញការងារកាន់តែមានប្រសិទ្ធភាព ។
គ្រួសារអាមេរិកជាច្រើនបានចាត់ទុកថា ឆ្កែ គឺជាសមាជិកគ្រួសារម្នាក់ ហើយបើឆ្កែពួកគេឈឺត្រូវការវះកាត់ជាបន្ទាន់ គឺធ្វើឱ្យពួកគេពិបាកចិត្តមិនខុសពីកូនចៅឈឺទេ ។ ហេតុនេះ បើបុគ្គលិកក្រុមហ៊ុនពិបាកចិត្ត ពួកគេនឹងបាត់បង់ការតាំងស្មារតី និងគ្មានអារម្មណ៍ធ្វើការ ៕.png)










