យោងតាមការស្រាវជ្រាវថ្មីបង្ហាញថា ការបាចគ្រាប់ពេជ្រឡើងលើអាកាសនឹងអាចជួយកាត់បន្ថយកំដៅផែនដីមានប្រសិទ្ធភាពខ្លាំងជាងវិធីផ្សេងៗ ហើយសូម្បីតែស្ពាន់ធ័រឌីអុកស៊ីត ក៏ពុំអាចកាត់បន្ថយកំដៅផែនដីបានល្អដូចគ្រាប់ពេជ្រទេ ។ ប៉ុន្តែត្រូវយកគ្រាប់ពេជ្រមកកិនឱ្យម៉ត់ចំនួន៥លានតោនក្នុង១ឆ្នាំ និងត្រូវចំណាយប្រាក់រាប់លានដុល្លារអាមេរិក ។
គ្រាប់ពេជ្រ គឺជាគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់មនុស្សភាគច្រើន ហើយវាជាការស្រាវជ្រាវប្លែកជាងគេ ដែលណែនាំឱ្យបាចគ្រាប់ពេជ្រដើម្បីកាត់បន្ថយកំដៅផែនដី ។ អ្នកស្រាវជ្រាវនិយាយថា យើងត្រូវយកគ្រាប់ពេជ្រមកកិនឱ្យម៉ត់ដូចម្សៅ បន្ទាប់មក យកវាទៅបាចលើអាកាស ។.png)
ការលើកឡើងបែបនេះ ស្តាប់មើលទៅគ្មានប្រយោជន៍ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវបញ្ជាក់ថា វាអាចទៅរួច ។ ការស្រាវជ្រាវថ្មីនេះផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ Geophysical Research Letter បង្ហាញថា ភាគល្អិតណាណូរបស់គ្រាប់ពេជ្រមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់កាត់បន្ថយកំដៅផែនដី តាមរយៈការបាចពេជ្រដែលកិនរួចទៅលើអាកាស ។
Sandro Vattioni ជាប្រធានក្រុមស្រាវជ្រាវ និងមានជំនាញផ្នែកអាកាសធាតុ មកពីស្ថាប័នបច្ចេកវិទ្យា Zurich ប្រទេសស្វីស និយាយថា ៖ «ការបាចភាគល្អិតគ្រាប់ពេជ្រ និង CaCo3 នឹងធ្វើឱ្យកំដៅធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវាមានគុណសម្បតិ្តផ្នែកពន្លឺច្រើនជាងវត្ថុផ្សេងៗ ដែលបានស្រាវជ្រាវកន្លងមក» ។.png)
អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកស្រាវជ្រាវគិតថា តើការបាចភាគល្អិតលើមេឃនឹងអាចបង្កើតស្រមោលគ្រប់គ្រាន់ ដើម្បីប្រឆាំងនឹងផលប៉ះពាល់ដោយសារឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យពិភពលោកក្តៅដែរឬទេ? ហើយបើអាចធ្វើបាន តើវានឹងមានប្រសិទ្ធភាពកម្រិតណា?
កន្លងមក ស្ពាន់ធ័រឌីអុកស៊ីតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាកើតឡើងតាមធម្មជាតិ និងមានប្រភពពីភ្នំភ្លើង ។ ហេតុនេះ បញ្ជាក់ថា វានឹងអាចជួយឱ្យសីតុណ្ហភាពផែនដីធ្លាក់ចុះបាន ប៉ុន្តែមានផលប៉ះពាល់ខ្លាំង ។
អ្នកស្រាវជ្រាវសុំពេលមួយរយៈដើម្បីស្រាវជ្រាវឱ្យប្រាកដចិត្តថា តើភាគល្អិតគ្រាប់ពេជ្រដែលបាចក្នុងបរិយាកាសនឹងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? អ្នកស្រាវជ្រាវខ្លះបានព្យាយាមស្វែងរកវិធីផ្សេងដើម្បីកាត់បន្ថយកំដៅផែនដី ប៉ុន្តែពួកគេរកឃើញថា ភាគល្អិតផ្សេងៗគ្មានប្រសិទ្ធភាពទេ សូម្បីតែស្ពាន់ធ័រឌីអុកស៊ីត ក៏ពុំអាចកាត់បន្ថយកំដៅផែនដីបានល្អដូចគ្រាប់ពេជ្រដែរ ។
ទោះជាលទ្ធផលការស្រាវជ្រាវថ្មីគួរឱ្យចាប់អារម្មណ៍ក្តី ប៉ុន្តែនៅមានឧបសគ្គយ៉ាងខ្លាំង ដោយសារគ្រាប់ពេជ្រមានតម្លៃថ្លៃ ហើយការយកគ្រាប់ពេជ្រមកកិនឱ្យម៉ត់ ចំនួន៥លានតោនក្នុង១ឆ្នាំ គឺត្រូវចំណាយប្រាក់រាប់លានដុល្លារអាមេរិកឯណោះ ។ ដូច្នេះ ពិភពលោកគួរតែអនុវត្តងាយស្រួលជាងនេះ គឺកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាប់ពីឆ្នាំ២០២៤ តទៅ ព្រមទាំងថែរក្សាធម្មជាតិ ដែលវាជាវិធីងាយស្រួល និងអាចអនុវត្តបាន ៕










