ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាពិតជាធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពបន្លែ ផ្លែឈើនៅទីក្រុងបាងកក និងតំបន់ជុំវិញ ហើយរកឃើញធាតុពុលរហូតដល់៥០ប្រភេទក្នុងផ្លែទំពាំងបាយជូរ Shine Muscat ។

មន្ត្រីជំនាញបញ្ជាក់ថា បានយកផ្លែទំពាំងបាយជូរ Shine Muscat ទៅត្រួតពិនិត្យឃើញថា ផ្លែទំពាំងបាយជូរស្ទើរទាំងអស់មានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដារ ។ បច្ចុប្បន្ន មន្ត្រីជំនាញបានបង្កើនការប្រុងប្រយ័ត្ន និងបន្តត្រួតពិនិត្យបន្លែ ផ្លែឈើ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ ។
.png)
ខាងមូលនិធិសម្រាប់អ្នកបរិភោគ បានសហការជាមួយបណ្តាញដាស់តឿនសារធាតុគីមីក្នុងថ្នាំកម្ចាត់សត្វល្អិត, ទស្សនាវដ្តីទិញដោយការវ័យឆ្លាត និងស្ថាប័នពាក់ព័ន្ធ ដោយប្រមូលផ្លែទំពាំងបាយជូរប្រភេទនេះដែលដាក់លក់ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទៅត្រួតពិនិត្យឃើញថា វាផ្ទុកសារធាតុពុល ។
និពន្ធនាយកទស្សនាវដ្តីទិញដោយការវ័យឆ្លាត និយាយថា ខាងមូលនិធិសម្រាប់អ្នកបរិភោគ និងទស្សនាវដ្តីទិញដោយការវ័យឆ្លាត បានសហការគ្នាត្រួតពិនិត្យគុណភាពផលិតផល និងសេវាកម្មជាយូរមកហើយ ។ អតិថិជនរាយការណ៍ថា ទំពាំងបាយជូរ Shine Muscat ដែលដាក់លក់ពេញទីក្រុងបាងកក មានកម្មវិធីពិសេសទាក់ទាញអតិថិជន ដូចជា ៖ ការបញ្ចុះតម្លៃ និងទិញ១ប្រអប់ ថែមជូន១ប្រអប់ ។
លើសពីនេះ ទំពាំងបាយជូរ Shine Muscat ត្រូវបានដាក់លក់គ្រប់ទីកន្លែង ដូចជា ៖ ហាងតូចតាច, ផ្សារទំនើបធំៗ, ហាងលក់ទំនិញ, រទេះរុញតាមផ្លូវ និងលក់តាមអនឡាញ ។ អតិថិជនមួយចំនួនបារម្ភថា តើទំពាំងបាយជូរនេះបានផ្ទុកសារធាតុពុលដែរឬទេ? ហេតុនេះ ទស្សនាវដ្តីទិញដោយការវ័យឆ្លាត បានស្នើទៅបណ្តាញដាស់តឿនសារធាតុគីមីក្នុងថ្នាំកម្ចាត់សត្វល្អិត រួមគ្នាត្រួតពិនិត្យសារធាតុពុលក្នុងទំពាំងបាយជូរ ។
ចំណែកលទ្ធផលត្រួតពិនិត្យរកឃើញថា ផ្លែទំពាំងបាយជូរ ដែលក្រុមការងារយកទៅត្រួតពិនិត្យ៩៥,៨% គឺមានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដាររហូតដល់៥០ប្រភេទ ហើយការកម្ចាត់សារធាតុពុលទាំងនេះចេញពីផ្លែទំពាំងបាយជូរ គឺពុំមែនជារឿងងាយស្រួលឡើយ ។
ក្រុមមន្ត្រីជំនាញបានសំណូមពរទៅកាន់ហាងលក់ទំនិញ និងផ្សារទំនើបនានានៅទីក្រុងបាងកក ដែលបានលក់ផ្លែទំពាំងបាយជូរប្រភេទនេះ ត្រូវតែទទួលខុសត្រូវ ដូចជា ៖ ប្រមូលទំពាំងបាយជូរចេញពីធ្នើរលក់អីវ៉ាន់ និងលុបចោលការនាំចូលទំពាំងបាយជូរពីផ្នែកផ្គត់ផ្គង់ និងទីតាំងផលិតទំពាំងបាយជូរ ។
ក្រៅពីនេះ ហាងលក់ទំនិញ, ផ្សារទំនើប និងអាជីវករលក់ផ្លែទំពាំងបាយជូរទាំងអស់ ត្រូវតែបញ្ជាក់ពីប្រភពរបស់វាឱ្យបានច្បាស់លាស់ ឬបញ្ជាក់ថា នាំចូលពីប្រទេសណា ដើម្បីអាចត្រួតពិនិត្យរកសារធាតុពុលនាពេលក្រោយ ។
គួរបញ្ជាក់ថា ទំពាំងបាយជូរ Shine Muscat មានផ្លែពណ៌បៃតង គ្មានគ្រាប់ ហើយអតិថិជនចូលចិត្តបរិភោគ ដោយសារវាមានរសជាតិផ្អែម និងក្លិនក្រអូបខុសពីទំពាំងបាយជូរផ្សេងៗ ។ ប៉ុន្តែក្រោយការរកឃើញសារធាតុពុលរហូតដល់៥០ប្រភេទក្នុងទំពាំងបាយជូរ ដែលដាក់លក់នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ៕










