វីដេអូដែលតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា បណ្តើរសង្សារបណ្តូលចិត្តនៅទីសាធារណៈតែពីរនាក់បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនោះតារាចម្រៀង ករុណា ពេជ្រ បានទម្លាយពីអត្តចរិតរបស់ វណ្ណដា យ៉ាងគួរឱ្យភ្ញាក់ផ្អើល។
នៅថ្ងៃទី២៣ ខែតុលា តារាចម្រៀង ករុណា ពេជ្រ បានចែករំលែកវីដេអូ វណ្ណដា បណ្តើរ ឡូរីន ដោយលោកបានរម្លឹកកាលពីមួយឆ្នាំមុនក្នុងពេលជួប វណ្ណដា លើកដំបូងនៅវិមានឈ្នះ ឈ្នះ ហើយបានឮការស្រែកហ៊ោរនិយាយថា វណ្ណដា មកដោយលោកបែរខ្នងមើលទៅមុខកុំឱ្យ វណ្ណដា ឃើញ ព្រោះមិនដឹងថាត្រូវនិយាយអ្វីដោយបញ្ជាក់ថាមិនមែនស្អប់ វណ្ណដា នោះទេ។
ម្ចាស់បទ អ្នកកំដរ បានបន្តទៀតថា អ្វីដែលលោកនឹកស្មានមិនដល់ចរិតពិតរបស់ វណ្ណដា
និងបានសរសើរក្រុមការងារ វណ្ណដា បានមើលឃើញលោក ធ្វើឱ្យ វណ្ណដា ចេញពីកៅអី រំលងកន្លែងលោកប្រហែល ៤ ជួរ ដើរមករកលោកលើកដៃជម្រាបសួរ បញ្ជាក់ថាលោក គឺជា អាយដលរបស់គេតាំងពីក្មេង បង្ហាញពីសកម្មភាព ទន់ភ្លន់ ចេះគោរពអោនលំទោន ហើយចេះប្រើភាសាឱ្យតម្លៃកិត្តិយសជុំវិញខ្លួនទោះបីជាអ្នកទាំងពីរមិនដែលបានជួបគ្នាម្តងណាឡើយ។ ស្របពេលជាមួយគ្នានេះ ករុណា ពេជ្រ បានបង្ហាញថាលោកក៏ជាហ្វេនរបស់ វណ្ណដា ម្នាក់ដែរ។
ករុណា ពេជ្រ បានសន្និដ្ឋានថា វណ្ណដា ជាមនុស្សដើរចូលសង្គមចុះគ្រប់មជ្ឈដ្ឋានជាមនុស្សដែលមានឪពុកម្តាយ អប់រំបានល្អ សាមញ្ញ មិនឆ្មើងឆ្មៃ ពាក្យសម្តីប្រើចេញមកសុទ្ធជាភាពឱ្យតម្លៃទៅកាន់មនុស្សជុំវិញខ្លួន។ 
តារាចម្រៀងរូបនេះបានបន្ថែមទៀតថាទៅថ្ងៃមុខ វណ្ណដា នឹងកាន់តែជោគជ័យលើវិស័យសិល្បៈហើយបើថ្ងៃណា វណ្ណដា ឈប់សិល្បៈក៏ វណ្ណដា គង់តែជោគជ័យលើវ័ស័យការងារ មុខងារផ្សេងទៀតដែរ វាភាពជោគជ័យនេះបានមកពី ចរិតភាពសាមញ្ញចេះឱ្យតម្លៃមនុស្សជុំវិញខ្លួននេះឯង៕










