តារាចម្រៀង ប្រេម៉ា បានរម្លឹកពីអតីតកាលក្នុងគ្រាដែលបានចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំ សរសើរដល់តារាចម្រៀង សុខ ពិសី ស្រស់ស្អាតរួសរាយ និងបានឡើងពីកវីនិពន្ធ សុខ ជំនោរ ក្នុងពេលនាងដាក់ពាក្យចូលជាតារាចម្រៀង Phleng records។
វេលាម៉ោងជិត២ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា តារាចម្រៀង ប្រេម៉ា ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងអាចបកស្រាយបាន៧ភាសា បានបង្ហោះរម្លឹកអនុស្សាវរីយ៍កាលពីហក់ចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំបានទាំងការច្រៀងនិងសម្តែងរឿង។ ប្រេម៉ា បានរៀបរាប់យ៉ាងដូច្នេះថា «ឡើងទូរទស្សន៍លេខ៩ ដំបូង១៤ឆ្នាំ បានជួបរៀមច្បង សុខ ពិសី គាត់ស្អាតហើយរួសរាយណាស់ បន្ទាប់មកសុំឱបហើយថតរូបជាមួយគាត់ ពេលហ្នឹងច្រៀងចប់បានលុយ១៥$ មកផ្ទះវិញឱ្យម៉ាក់ ឡើងច្រៀងធម្មតាអត់ខ្លាចអត់ភ័យអីទាំងអស់។ អស់ពីហ្នឹងទៅថតរឿងឱ្យប៉ុស្តិ៍លេខ៥ ម៉ាក់ជូនទៅថតឡើងឆ្ងាយជំនាន់ហ្នឹង ក្រោយមកទៅប្រឡងចម្រៀងនៅអង្គការតូចមួយ បានចំណាត់ថ្នាក់លេខ១ ច្រៀងបទ ក្រវ៉ាន់សៀមរាប របស់បង ចរិយា នៅផលិតកម្មRock»។

ប្រេម៉ា បន្តទៀតថា «ក្រោយមកទៀតលេង Facebook ឃើញបងសុខ ជំនោរ រើសតារាចម្រៀងចូល Phleng records ក៏apply ហើយក៏ជាប់ បានថតចម្រៀងដាក់ CD ហ្នឹងគេទៅ សម្រាប់ខ្ញុំចង់ចងចាំរឿងដែលល្អៗ ចំពោះរឿងពិបាកទាំងប៉ុន្មានដែលកើតឡើងសុំបំភ្លេចចោលឱ្យអស់។ មានរឿងពិបាកតស៊ូជាច្រើនតែសុំចងចាំតែរឿងល្អៗបានហើយ សរសើរណាស់គ្មានសែសិល្បៈសោះ តែម៉ាក់ពុះពារ រកគេពេញហ្នឹង រហូតដល់កូនបានឡើងទូរទស្សន៍ ហេតុតែទឹកចិត្តម្ដាយ»។
បច្ចុប្បន្ន ប្រេម៉ា គឺជាតារាចម្រៀងឯករាជ្យ។ នាងធ្លាប់បានចូលរួមប្រកួត I Am a Singer Cambodia រដូវកាលទី៣ ដោយមានបំណងចង់ដណ្តើមពានជូនអ្នកម្តាយ ប៉ុន្តែ ប្រេម៉ា មិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបានទេ ខណៈជ័យលាភី បានទៅ ឌី សូនិត្តា ៕










