ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាបានធ្វើឱ្យអ្នកជិះ Glider (ស្រដៀងឆ័ត្រយោង) និងអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញសត្វឆ្កែ១ក្បាលអាចឡើងដល់កំពូលប្រាសាទពីរ៉ាមីតនៅប្រទេសអេហ្ស៊ីប ដែលប្រាសាទនេះមានកម្ពស់រហូតដល់ជាង១៤០ម៉ែត្រ ។
អ្នកជិះ Glider ម្នាក់ឈ្មោះ Alex Lang និងម្នាក់ទៀតឈ្មោះ Marshall Mosher ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលពួកគេឃើញសត្វឆ្កែ១ក្បាលនៅលើកំពូលប្រាសាទពីរ៉ាមីត ហើយពួកគេជឿថា អ្នកបានឃើញវីដេអូនេះក៏ភ្ញាក់ផ្អើលដែរ ។ ពួកគេប្រាប់ថា ពេលកំពុងជិះ Glider នៅផ្នែកខាងលើប្រាសាទពីរ៉ាមីត ស្រាប់តែឃើញឆ្កែដើរលេងលើកំពូលប្រាសាទ ។
លោក Alex Lang រៀបរាប់ថា ខ្លួនបានជិះ Glider នៅផ្នែកខាងលើកំពូលប្រាសាទពីរ៉ាមីត ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៤ ខែតុលា កន្លងមក ហើយបានថតវីដេអូឆ្កែ១ក្បាលកំពុងដើរលេងលើកំពូលប្រាសាទនេះ ។ វាបានព្រូសដាក់សត្វស្លាបនៅក្បែរនោះទៀតផង ។
វីដេអូសត្វឆ្កែលើកំពូលប្រាសាទពីរ៉ាមីតនេះ ត្រូវបានលោក Marshall Mosher យកមកបង្ហោះក្នុងបណ្តាញសង្គម ។ ប្រាសាទពីរ៉ាមីតដែលឆ្កែឡើងទៅដល់កំពូល គឺជាប្រាសាទពីរ៉ាមីតដ៏ធំបំផុតស្ថិតក្នុងទីក្រុងមេនហ្វីស និងជាប្រាសាទ១ ក្នុងចំណោមប្រាសាទអច្ឆរិយវត្ថុបុរាណទាំង៧ របស់អេហ្ស៊ីប ។
លោក Marshall Mosher និយាយថា ពលរដ្ឋរស់នៅក្បែរបរិវេណប្រាសាទប្រាប់ថា ឆ្កែនេះឈ្មោះ Nunya ។ បន្ទាប់មក លោកក៏សួរនៅក្នុងបណ្តាញសង្គមឈ្មោះ IG ថា ៖ «តើអ្នកគិតថា ឆ្កែដែលឡើងទៅលើកំពូលប្រាសាទពីរ៉ាមីត វារស់នៅទីនេះ មែនទេ?» ។
ចំណែកអ្នកលេងបណ្តាញសង្គមនិយាយបែបកំប្លែងថា បើឆ្កែឡើងទៅលើកំពូលប្រាសាទបែបនេះ វាមុខជាបន្ទោរបង់លើនោះមិនខាន ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតឆ្ងល់ថា ហេតុអ្វីឆ្កែអាចឡើងដល់កំពូលប្រាសាទដ៏ខ្ពស់បាន?
នៅថ្ងៃបន្ទាប់ លោក Marshall Mosher ក៏ជិះ Glider ទៅកាន់កំពូលប្រាសាទពីរ៉ាមីតម្តងទៀតដើម្បីមើលថា តើឆ្កែនេះនៅលើកំពូលប្រាសាទទៀតដែរឬទេ? ប៉ុន្តែលោកពុំឃើញវាទេ ហើយលោកគិតថា វាអាចឡើង-ចុះប្រាសាទ ដោយខ្លួនវា ៕.png)










