ប្រទេសឡាវ ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ HelloSafe គឺជាគេហទំព័រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកាណាដាលើកឡើងថា ឡាវ គឺជាប្រទេសដែលភ្ញៀវទេសចរចំណាយប្រាក់តិចបំផុតសម្រាប់ផ្នែកទេសចរណ៍នៅឆ្នាំ២០២៥ ក្នុងចំណោមប្រទេសចំនួន១៣៦ លើពិភពលោក ។.png)
ការចំណាយប្រាក់ប្រចាំថ្ងៃរបស់ភ្ញៀវទេសចរបរទេសនៅប្រទេសឡាវ គឺស្មើត្រឹមតែ១០.៩៧ដុល្លារអាមេរិក បន្ទាប់មក គឺប្រទេសកាហ្សាក់ស្ថាន ស្មើនឹង១៥.៣៧ដុល្លារអាមេរិក ។ រីឯប្រទេស Rwanda និង Ghana ភ្ញៀវទេសចរបានចំណាយប្រាក់ប្រចាំថ្ងៃស្មើគ្នា គឺស្មើនឹង១៧.៥៦ដុល្លារអាមេរិក ខណៈការចំណាយប្រាក់នៅប្រទេសម៉ុងហ្គោលី គឺស្មើនឹង១៩.៧៤ដុល្លារអាមេរិក ។
ក្រៅពីនេះ ឡាវ, ម៉ុងហ្គោលី និងហ្សកហ្ស៊ី គឺជាប្រទេសដែលមានតម្លៃស្នាក់នៅក្នុងសណ្ឋាគារថោកបំផុតលើពិភពលោក គឺតម្លៃស្នាក់នៅក្នុងប្រទេសទាំង៣នេះ ស្មើចាប់ពី៦.៥៨ដុល្លារ ទៅ១៤.២៧ដុល្លារអាមេរិកក្នុង១យប់ ។
ចំណែកប្រទេសដែលមានការចាយវាយខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស រួមមាន ៖ ប្រទេស Barbados ស្មើនឹង២៨៦.៤៤ដុល្លារអាមេរិកក្នុង១ថ្ងៃ បន្ទាប់មក គឺប្រទេស Antigua and Barbuda ស្មើនឹង២៦៧.៧៨ដុល្លារអាមេរិក ។ រីឯការចំណាយនៅប្រទេស Saint Kitts និង Nevis គឺស្មើនឹង២៣៥.៩៥ដុល្លារអាមេរិក ។
ទិន្នន័យនេះបានមកពីការដកស្រង់ការចំណាយប្រាក់របស់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តក្នុងប្រទេសនីមួយៗ រួមទាំងការចំណាយថ្លៃស្នាក់នៅ, អាហារហូបចុក និងការធ្វើដំណើរផងដែរ ។
យោងតាមទិន្នន័យរបស់ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវបញ្ជាក់ថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤ ប្រទេសឡាវអាចទាក់ទាញភ្ញៀវទេសចរបរទេសបានចំនួន២លាន៦សែននាក់ ក្នុងនោះភ្ញៀវទេសចរថៃបានមកលេងឡាវច្រើនជាងគេ ។
រដ្ឋាភិបាលឡាវរំពឹងថា ឡាវនឹងទទួលបានភ្ញៀវទេសចរបរទេសកើនឡើងថែមទៀតនាថ្ងៃអនាគត ហើយនៅឆ្នាំ២០២៤នេះ ឡាវបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេស យ៉ាងហោចណាស់ ស្មើនឹង៤លាន៦សែននាក់ និងទទួលបានចំណូលរហូតដល់១.៣០០លានដុល្លារអាមេរិក ៕










