ប្រទេសចិន៖ ប្រទេសចិនមានគោលបំណងចង់វ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីកា្លយជាប្រទេសមហាអំណាចវិទ្យាសាស្ត្រអវកាសនៅឆ្នាំ ២០៥០។
យោងតាម South China Morning Post ប្រទេសចិនបច្ចុប្បន្នបានកំពុងរៀបចំផែនការអភិវឌ្ឍន៍ជាតិលើកដំបូងរបស់ខ្លួន សម្រាប់វិទ្យាសាស្ត្រអវកាសរយៈពេលមធ្យមទៅវែង ដែលបេសកកម្មនេះនឹងចាប់ផ្តើមពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៥០។ ផែនការនេះបានបង្ហាញយ៉ាងច្បាស់លាស់ពីមហិច្ឆតារបស់ចិន ក្នុងការក្លាយជាប្រទេសឈានមុខគេផ្នែកវិទ្យាសាស្ត្រអវកាស ដោយនឹងវ៉ាដាច់អាមេរិកក្នុងឆ្នាំ ២០៥០។ .png)
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយដែលចិនបានប្រកាសយ៉ាងទូលំទូលាយអំពីផែនការជាតិនេះ។ ជាធម្មតា ប្រទេសចិនមិនងាយចែករំលែកព័ត៌មានលំអិតអំពីផែនការរបស់ខ្លួនឡើយ ដូច្នេះការប្រកាសនេះអាចចាត់ទុកថាជារឿងដ៏កម្របំផុតសម្រាប់ប្រទេសចិន ដែលបង្ហាញថាប្រទេសនេះនឹងប្តេជ្ញាសម្រេចគោលដៅដែលបានកំណត់។ យោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA) ទីភ្នាក់ងារអវកាសចិន (CMSA) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានបង្ហាញផែនការបេសកកម្មវិទ្យាសាស្ត្រចំនួន ៣ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៤ នេះតទៅ។
ផែនការទីមួយ៖ ប្រទេសចិននឹងបន្ថែមបេសកកម្មពី ៥ ទៅ ៨ ដងបន្ថែមទៀតចំពោះគម្រោងដែលមានស្រាប់។ ជាពិសេស ចិននឹងបន្តប្រតិបត្តិការស្ថានីយអវកាសចិន ដើម្បីជំរុញបេសកកម្មរុករកភពផែនដី និងចាប់ផ្តើមគម្រោងរុករកភពព្រះច័ន្ទដំណាក់កាលទីបួន ដោយរំពឹងថា បេសកកម្មទាំងនេះនឹងប្រព្រឹត្តទៅយ៉ាងរលូនមុនឆ្នាំ ២០២៧។
ផែនការទីពីរ៖ គោលដៅចម្បងគឺដើម្បីអភិវឌ្ឍ និងចាប់ផ្តើមបេសកកម្មចំនួន ១៥ ដើម្បីបង្កើនថាមពលអវកាស រួមទាំងការបាញ់បង្ហោះស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទជាអចិន្ត្រៃយ៍។ បន្ទាប់មក ពួកគេនឹងចាប់ផ្តើមសាងសង់លំនៅដ្ឋាននៅលើឋានព្រះច័ន្ទ ក៏ដូចជាបន្តរុករកព្រំដែននៃប្រព័ន្ធព្រះអាទិត្យផ្សេងទៀត រួមទាំងរុករកប្រព័ន្ធភពយក្ស និងបេសកកម្មគំរូទៅកាន់ភពសុក្រ។
ផែនការទីបីគឺជាដំណាក់កាលដែលវិស័យវិទ្យាសាស្ត្រអវកាសសំខាន់ៗរបស់ប្រទេសចិននឹងឈានដល់កម្រិតឈានមុខគេរបស់ពិភពលោក។ ក្នុងដំណាក់កាលនេះ បេសកកម្មធំៗពី ៥ ទៅ ៦ នឹងត្រូវបានដាក់ឱ្យដំណើរការ រួមជាមួយនឹងបេសកកម្មអវកាសខ្នាតតូច និងមធ្យមប្រហែល ២៥។ លើសពីនេះចិនក៏នឹងធ្វើការស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្ត្រអវកាសក្រោមប្រធានបទវិទ្យាសាស្ត្រចំនួនប្រាំគឺ សកលលោកអតិបរមា; រលកនៅក្នុងលំហ; ទិដ្ឋភាពបែប Panoramic នៃប្រព័ន្ធព្រះអាទិត្យ-ផែនដី; ភពដែលអាចរស់នៅបាន; និងស្វែងយល់ពីច្បាប់នៃលំហ។
លោក Wang Chi នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រអវកាសជាតិនៅ CAS ជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងព្យាយាមធ្វើឱ្យបាននូវគោលដៅទាំងបីខាងលើនេះ ដើម្បីដឹកនាំប្រទេសឱ្យក្លាយជាមហាអំណាចវិទ្យាសាស្ត្រអវកាសទីមួយរបស់ពិភពលោកនៅឆ្នាំ ២០៥០៕










