ប្រទេសកូរ៉េខាងត្បូង ៖ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ កងទ័ពកូរ៉េខាងត្បូងបានបង្ហាញវីដេអូមួយ ដែលកូរ៉េខាងជើងដាក់គ្រាប់បែ.ក បំផ្ទុះផ្លូវធ្វើដំណើរតភ្ជាប់រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។ ទង្វើរបស់កូរ៉េខាងជើងបានបញ្ជាក់ពីទំនាក់ទំនងបែកបាក់ និងពុំអាចតភ្ជាប់គ្នាដូចមុន ។
ប្រទេសកូរ៉េខាងជើងបានប្រកាសផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ដូចជា ៖ កាត់ផ្តាច់ផ្លូវរថភ្លើង និងផ្លូវធ្វើដំណើរ ។ នៅក្នុងវីដេអូនេះ គេបានឃើញផ្សែងហុយទ្រលោម និងមានរថយន្តធំៗ ព្រមទាំងត្រាក់ទ័រជាច្រើនគ្រឿងមកកាយដីនៅបរិវេណនេះឱ្យកាន់តែជ្រៅថែមទៀត ដើម្បីកុំឱ្យរថយន្តតូច-ធំធ្វើដំណើរឆ្លងកាត់បាន ហើយមានទាហានកូរ៉េខាងជើងមកជួយការពារសុវត្ថិភាពយ៉ាងតឹងតែង ។.png)
ក្រោយពីកូរ៉េខាងជើងដាក់គ្រាប់បែកបំផ្ទុះផ្លូវតភ្ជាប់ជាមួយកូរ៉េខាងត្បូង និងបញ្ជូនត្រាក់ទ័រមកជីកផ្លូវឱ្យមានរណ្តៅកាន់តែជ្រៅ កងទ័ពកូរ៉េខាងត្បូងក៏បានបាញ់កាំភ្លើងព្រមានវិញ ។ វាបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរបានធ្លាក់ដល់ចំណុចទាបបំផុត ។

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កូរ៉េខាងជើងបញ្ជាក់ថា នឹងបិទការឆ្លងកាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរជារៀងរហូត ដោយកូរ៉េខាងជើងនឹងចាប់ផ្តើមបំផ្លាញផ្លូវនានាដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង ។ បន្ទាប់មក កូរ៉េខាងជើងនឹងសាងសង់របងការពារនៅតាមព្រំដែនយ៉ាងរឹងមាំ ។.png)
កូរ៉េខាងជើងបានបង្ហាញអាកប្បកិរិយាកាន់តែតឹងតែងខ្លាំងឡើង ដូចជា ៖ បញ្ជូនបាឡុងសំរាមយ៉ាងច្រើនមកកូរ៉េខាងត្បូង តាំងពីខែឧសភា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបជាមួយសកម្មជននយោបាយកូរ៉េខាងត្បូងបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយជាច្រើនមកកូរ៉េខាងជើង ។
កាលពីសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ កូរ៉េខាងជើងនិយាយថា កូរ៉េខាងត្បូងបានបញ្ជូនដ្រូនមកព្រំដែនរបស់ខ្លួន ព្រមទាំងបញ្ជូនខិត្តប័ណ្ណឃោសនាប្រឆាំងនឹងកូរ៉េខាងជើងជាច្រើនសន្លឹក ។ អ្នកស្រី គីម យ៉ូចង ជាប្អូនស្រីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា កូរ៉េខាងត្បូងត្រូវតែទទួលខុសត្រូវ មុនពេលកូរ៉េខាងជើងកាច់ផ្តាច់ទំនាក់ទំនងទាំងអស់ ។
រីឯពលរដ្ឋកូរ៉េខាងត្បូងដែលរស់នៅក្បែរព្រំដែនបានប្រមូលផ្តុំគ្នានៅបរិវេណខាងមុខអគារប្រធានាធិបតី ដើម្បីសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ដោះស្រាយបញ្ហាតានតឹងជាមួយកូរ៉េខាងជើង ដោយសារពួកគេពុំចង់រស់នៅដោយការភ័យខ្លាច ៕










