កម្មវិធីប្រកួតសម្រស់ Miss Planet International 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី៤ កាន់តែកៀកមែនទែនហើយ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ Daniella ជា Miss Planet Sweden 2024 បាននិយាយជាភាសាខ្មែរបានយ៉ាងល្អជាពិសេសគឺបានបង្ហាញអារម្មណ៍រំភើបរីករាយដែលជិតបានមកឃើញប្រាសាទអង្គរវត្តផ្ទាល់ភ្នែក។
Daniella Lundqvist Miss Planet Sweden 2024 បាននិយាយជាភាសាខ្មែរថា «សួស្តីប្រទេសកម្ពុជា ប្រទេសមានបេះដូងធំ ខ្ញុំឈ្មោះ Daniella មកពីប្រទេស Sweden ខ្ញុំរីករាយណាស់ដែលបានក្លាយជាបេក្ខនារី Miss Planet International ខ្ញុំនឹងទៅប្រទេសកម្ពុជាក្នុងខែ November នេះ កុំភ្លេចគាំទ្រអូនផងណា យេ អូនជិតបានទៅអង្គរវត្តហើយ Bye ……» ។
ការនិយាយជាភាសាខ្មែររបស់បវរកញ្ញាភពផែនដីប្រទេសស៊ុយអែតប្រចាំឆ្នាំ២០២៤ នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងពាក្យរីករាយស្វាគមន៍ចំពោះបវរកញ្ញារូបនេះពីប្រជាជនខ្មែរដែលនឹងមានវត្តមានប្រកួតនៅលើទឹកដីកម្ពុជា។

តាមការបញ្ជាក់របស់ស្ថាប័ន MPI Daniella Lundqvist មានអាយុ ២៥ ឆ្នាំ ហើយនាងមានបរិញ្ញាបត្រផ្នែករចនាអន្តរកម្ម ហើយបច្ចុប្បន្នកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនវានុវត្តន៍តាមរយៈអាជីវកម្ម វិស្វកម្ម និងការរចនា។ នាងធ្លាប់បានធ្វើការប្រកួតអន្តរជាតិចំនួន ៥ ដងហើយវាជាចំណង់ចំណូលចិត្តរបស់នាង។ Daniella ចូលចិត្តកម្មវិធីប្រកួត ព្រោះវាផ្តល់ឱកាសឱ្យនាងក្នុងការធ្វើដំណើរ បទពិសោធន៍វប្បធម៌ថ្មីៗ និងជួបមនុស្សអស្ចារ្យជាច្រើន។ នាងក៏ស្រលាញ់សុខភាពផ្លូវចិត្តដែរ ហើយនាងបានធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់អង្គការ ដែលផ្សព្វផ្សាយការយល់ដឹងអំពីជំងឺធ្លាក់ទឹកចិត្ត និងការងារដើម្បីកាត់បន្ថយអត្រាធ្វើអត្តឃាត។លើសពីនេះ នាងចង់ក្លាយជាអ្នកលើកទឹកចិត្តដល់អ្នកដទៃ ហើយនាងប្រាថ្នាចង់ក្លាយជាមនុស្សដែលនាងត្រូវការនៅពេលនោះ។ ជាមួយនឹងតំណែង Miss Planet Sweden 2024 នាងសង្ឃឹមថានឹងជំរុញទឹកចិត្តអ្នកដទៃឱ្យក្លាហាន និងរឹងមាំ។
បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ឬជាភាសាអង់គ្លេសហៅថា Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈមានបេក្ខនារីចូលរួមប្រកួតជាង៧០នាក់ផងដែរ៕










