ប្រទេសក្រិក ៖ បើយើងធ្វើដំណើរឆ្លងកាត់តំបន់ Laconia ស្ថិតនៅភាគអាគ្នេយ៍នៃឧបទ្វីប Peloponnese ប្រទេសក្រិក យើងនឹងពុំដឹងថា នៅទីនេះ មានភូមិមួយលាក់ខ្លួននៅលើកោះទេ ។ ភូមិនេះឈ្មោះ Monemvasia បានអភិវឌ្ឍន៍យ៉ាងយឺតយ៉ាវ ពុំសូវមានអគារខ្ពស់ និងមានរបងខ្ពស់ការពារសុវត្ថិភាព ហើយមនុស្សគ្រប់គ្នាហៅភូមិនេះថា «ភូមិអាថ៌កំបាំង» ។.png)
បើទោះជាភូមិ Monemvasia បានអភិវឌ្ឍយ៉ាងយឺតយ៉ាវក្តី ប៉ុន្តែអ្នកភូមិនេះបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណី និងគោរពវប្បធម៌របស់ពួកគេជានិច្ច ។ ការរស់នៅទីនេះ មានខ្យល់អាកាសល្អបរិសុទ្ធ និងទេសភាពស្រស់ស្អាតយ៉ាងខ្លាំង ។ លើសពីនេះ អ្នកភូមិលើកោះអាចធ្វើដំណើរទៅកាន់ទីប្រជុំជនផងដែរ ដោយឆ្លងកាត់ស្ពានប្រវែង២០០ម៉ែត្រ ។
កាលពីមុន ផ្ទៃដីកោះនេះស្ថិតនៅជាប់គ្នាជាមួយទីប្រជុំជន ប៉ុន្តែផ្ទៃដីកោះត្រូវបានកាត់ផ្តាច់ពីទីប្រជុំជនដោយសារគ្រោះរញ្ជួយដីកាលពីឆ្នាំ៣៧៥ ។ ក្រោយមក ក្នុងអំឡុងសតវត្សទី១៦ ក៏ចាប់ផ្តើមមានមនុស្សម្នាមកតាំងទីលំនៅរស់នៅលើកោះជាបន្តបន្ទាប់ ។
ភូមិ Monemvasia ស្ថិតនៅលើកោះមានប្រវែងត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះ និងមានកម្ពស់ខ្ពស់ជាងទឹកសមុទ្រ ប្រមាណ១០០ម៉ែត្រ ។ លំនៅឋាន និងអគារនានាក្នុងភូមិត្រូវបានសាងបែរមុខទៅរកឆ្នេរសមុទ្រ ហើយទិដ្ឋភាពភូមិទាំងមូលមានលក្ខណៈស្រដៀងគ្នានឹងភ្នំថ្មនៅក្រោយភូមិ ទើបធ្វើឱ្យមនុស្សមើលពុំឃើញថា វាជាភូមិ ។
គួរបញ្ជាក់ថា ជនជាតិ Laconia បុរាណបានមកតាំងទីលំនៅក្នុងភូមិតាំងពីសតវត្សទី៦ មកម៉្លេះ ដើម្បីគេចខ្លួនពីការធ្វើបាបរបស់ជនជាតិ Slavic ដែលគ្រប់គ្រងប្រទេសក្រិក ចាប់ពីឆ្នាំ៥០០ ដល់ឆ្នាំ៧០០ ។
បច្ចុប្បន្ន ភូមិ Monemvasia បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកយ៉ាងច្រើនមកកម្សាន្តក្នុងភូមិ នារដូវក្តៅ ។ រីឯអគារបុរាណជាច្រើនកន្លែងក្នុងភូមិត្រូវបានកែលម្អធ្វើជាសណ្ឋាគារ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ ៕










