មនុស្សមួយចំនួនចូលចិត្តសន្សំសម្ភារៈចាស់ៗទុកពេញផ្ទះ មិនហ៊ានបោះចោលទេ ហើយពេលសន្សំកាន់តែច្រើនធ្វើឱ្យផ្ទះកាន់តែណែនចង្អៀតខ្លាំងឡើង និងគ្មានកន្លែងទំនេរ សូម្បីតែចន្លោះសម្រាប់ដើរ ។ រីឯអ្នកខ្លះទៀតទុកដាក់សម្ភារៈពេញផ្ទះ ដូចជា ៖ សម្លៀកបំពាក់, គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយពេលត្រូវការម្តងៗ ពួកគេបានចំណាយពេលយ៉ាងយូរដើម្បីរកសម្ភារៈទាំងនេះ ។
តើលោកអ្នកជ្រាបទេថា ផ្ទះគ្មានសណ្តាប់ធ្នាប់ និងពុំបានរៀបចំកន្លែងសម្រាកពេលក្រោកពីគេង តើវានឹងប៉ះពាល់ដល់ជីវិតបែបណាខ្លះ? យោងតាមទិន្នន័យរបស់ Center of Everyday Lives and Families បញ្ជាក់ថា អ្នកដែលមានសម្ភារៈប្រើប្រាស់ច្រើនចង្អៀតពេញផ្ទះ ឬផ្ទះគ្មានសណ្តាប់ធ្នាប់ ឬសម្ភារៈនៅខ្ចាត់ខ្ចាយពាសពេញ វានឹងធ្វើឱ្យអ្នកនោះស្ត្រេសកាន់តែខ្លាំង ហើយជួបតែភាពបរាជ័យក្នុងជីវិត ។
ក្រៅពីនេះ តាមការស្ទង់មតិផ្សេងទៀតបញ្ជាក់ថា អ្នកឆ្លើយតបសំណួរ៧១% ប្រាប់ថា ការរៀបចំគ្រែសម្រាកឱ្យមានរបៀបរៀបរយក្រោយក្រោកពីគេងបានធ្វើឱ្យពួកគេមានសេចក្តីសុខ ។ រីឯអ្នកឆ្លើយសំណួរ៦២% ទៀតប្រាប់ថា ពួកគេពុំបានរៀបចំគ្រែសម្រាកឱ្យមានសណ្តាប់ធ្នាប់ទេ ហើយវាធ្វើឱ្យពួកគេស្ត្រេសក្នុងចិត្ត និងគ្មានសេចក្តីសុខ ។
ហេតុនេះ ពេលក្រោកពីដំណេកជារៀងរាល់ថ្ងៃ យើងគួរតែចំណាយពេល២នាទីរៀបចំកន្លែងគេងឱ្យមានសណ្តាប់ធ្នាប់ល្អ និងបោសធូលីឱ្យស្អាតបាត ពីព្រោះវានឹងជួយឱ្យយើងអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងល្អ និងមានកម្លាំងចិត្ត ។
តាមផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា សុភមង្គល និងសេចក្តីសុខអាចកើតឡើងបាន គឺអាស្រ័យលើទម្លាប់ការរស់នៅរបស់មនុស្សម្នាក់ៗ ហើយវាពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃក្នុងផ្ទះផងដែរ ។ តើជ្រាបទេថា បើផ្ទះយើងកាន់តែរញ៉េរញ៉ៃ និងពុំបានរៀបចំកន្លែងគេងឱ្យបានត្រឹមត្រូវ វានឹងធ្វើឱ្យជីវិតជួបតែភាពបរាជ័យជានិច្ច ។
ចំណែកស្ត្រីវិញ បើមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះណែនខ្លាំងប៉ុនណា វានឹងកាន់តែធ្វើឱ្យមានភាពស្ត្រេស និងជួបតែភាពបរាជ័យកាន់តែខ្លាំងដែរ ។ ហេតុនេះ ចូរកម្ចាត់សម្ភារៈរញ៉េរញ៉ៃទាំងនេះឱ្យអស់ ដើម្បីឱ្យជីវិតជួបតែភាពស្ងប់ស្ងាត់ ៕










