តារាសម្ដែងថៃ Min Pechaya យំសូមទោសដែលធ្វើការស្រាវជ្រាវមិនបានគ្រប់គ្រាន់ ទើបនាងបានផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយ ដែលស៊ើបអង្កេតពីបទឆបោក ធ្វើឱ្យមនុស្សជាច្រើនក្ស័យធន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា Min Pechaya បាននិយាយថា នាងមិនបានកាន់តំណែងនៅក្រុមហ៊ុន The iCon Group ដែលជាក្រុមហ៊ុនកំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលិសនោះទេ ប៉ុន្តែគ្រាន់តែជាទូតសុឆ្ឆនៈប្រព័ន្ធផ្សព្វផ្សាយសម្រាប់ផលិតផលប៉ុណ្ណោះ។
ក្នុងសេចក្តីថ្លែងរបស់ Min នាងបាននិយាយថាបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន។ តារាស្រីរូបនេះបាននិយាយថានាងមិនដែលទាក់ទងជាមួយទិដ្ឋភាពណាមួយដែលទាក់ទងនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនទេ។ នាងបានសូមទោសចំពោះការពាក់ព័ន្ធនឹងរឿងអាស្រូវ និងមិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់មុនពេលចុះកិច្ចសន្យាជាមួយ The iCon Group។
គិតត្រឹមថ្ងៃទី១២ ខែតុលា ប៉ូលិសបានចាប់ខ្លួនអ្នកគ្រប់គ្រង ៦នាក់នៅ The iCon Group ។ ក្រុមហ៊ុននេះលក់ផលិតផលថែរក្សាសម្រស់ អាហារបំប៉ន និងលក់វគ្គបណ្តុះបណ្តាលស្តីពីការលក់ និងការការពារសុខភាព។ ពួកគេបញ្ចុះបញ្ចូលសមាជិកឱ្យជ្រើសរើសសមាជិកថ្មី និងទិញផលិតផលដើម្បីសម្រេចបាននូវការលក់ដែលបានកំណត់ដោយក្រុមហ៊ុន ដោយហេតុនេះទទួលបានប្រាក់ចំណូលកាន់តែច្រើន។ ដើម្បីឈានដល់កម្រិតកំណត់ មនុស្សជាច្រើនបានខ្ចីលុយនិងបានដាក់ដើមទុនទៅក្នុងការទិញទំនិញ មនុស្សជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនហើយក្ស័យធន។
ជនរងគ្រោះម្នាក់បាននិយាយថា បន្ទាប់ពីក្លាយជាសមាជិក ខ្លួនគេមិនដែលរៀនពីរបៀបលក់ទេ ប៉ុន្តែត្រូវបានបញ្ចុះបញ្ចូលជានិច្ច ឱ្យវិនិយោគលុយបន្ថែមទៀត ដើម្បីយកដើមទុនមកវិញ និងទទួលបានប្រាក់ចំណេញ។ ចំពោះផលិតផលរបស់ក្រុមហ៊ុនគឺ«សម្រាប់លក់តែគ្មានអ្នកណាទិញ»។.png)
ក្រៅពី Min Pechaya ក៏មានតារាល្បីៗមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ក្នុងនោះក៏មានតារាសម្ដែង Boy Pakorn ផងដែរ។ នៅក្នុងកម្មវិធីទូរទស្សន៍មួយលោកបានយំ សូមទោសជនរងគ្រោះ ហើយនិយាយថា លោកមិនមែនជាអ្នកដឹកនាំក្រុមហ៊ុនទេ គឺគ្រាន់តែថតរូបផ្សព្វផ្សាយ និងចូលរួមក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនប៉ុណ្ណោះ។ តារាសម្តែងរូបនេះបាននិយាយថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ព័ត៌មានទាំងអស់នៅក្នុងកិច្ចសន្យា ដើម្បីបម្រើការស៊ើបអង្កេតរបស់ប៉ូលិស។.png)
របាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះកាលពីឆ្នាំមុនបានបង្ហាញថាខ្លួនមានទ្រព្យសម្បត្តិសរុបដែលមានតម្លៃ ២.៤ ពាន់លានបាត បំណុល ១.៥៥ ពាន់លាន ប្រាក់ចំណូលសរុប ១.៨៩ ពាន់លានបាត ការចំណាយ ១.៨៦ពាន់លាន បង់ពន្ធ ៩.១ លានបាត និងប្រាក់ចំណេញសុទ្ធ ១៩.៧៧ លានបាតប្រមាណជិត៦០ម៉ឺនដុល្លារ។
គួរបញ្ជាក់ថាទាំង Min Pechaya និង Boy Pakorn សុទ្ធតែជាតារាល្បីក្នុងជួរសិល្បៈដែលមានអ្នកគាំទ្រច្រើន។ Min Pechaya មានវ័យ៣៥ឆ្នាំមានអ្នកតាមដានលើបណ្តាញសង្គម IG ៧លាននាក់ ។ ចំណែកតារាសម្ដែង Boy Pakorn មានអាយុ៤០ឆ្នាំមានអ្នកតាមដានជិត១០លាននាក់នៅលើ Instagram ៕










