នាក្នុងសិក្ខាសាលាក្រោមប្រធានបទ “ឆន្ទៈខ្មែរ” រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងការព្រួយបារម្ភ ចំពោះកំណើនពលរដ្ឋទទួលទានគ្រឿស្រវឹងនៅកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖”យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១៩ សម្រាប់ពលរដ្ឋកម្ពុជាដែលអាយុចាប់ពី១៥ឆ្នាំឡើង ម្នាក់ៗទទួលទានគ្រឿងស្រវឹងជាធម្យម១៦,២លីត្រ ក្នុងមួយឆ្នាំ។
ជាធម្មតាក្នុងស្រាបៀរមួយកំប៉ុងមានចំណុះ៣៣០មីលីលីត្រ និងជាតិអាល់កុលប្រមាណតែ១៦,៥មីលីលីត្រ បើគិតជាកេសវិញ មួយឆ្នាំម្នាក់ៗទទួលទានជាមធ្យម៤១កេស។
លោកជំទាវសង្កត់ធ្ងន់ថា៖” បើគិតជាមធ្យមសម្រាប់ពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ប្រមាណ៤លាននាក់បានចំណាយថវិកា ប្រមាណ១៩៤៤លានដុល្លារ សម្រាប់ការទិញគ្រឿងស្រវឹង”។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល ធ្លាប់បានធ្វើសេចក្តីព្រាងច្បាប់តាំងពីឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង ដោយកំណត់អាយុស្របច្បាប់ដល់ពលរដ្ឋខ្មែរ អាចទទួលទានគ្រឿងស្រវឹងបានគឺពីអាយុ២១ឆ្នាំឡើងទៅ ហើយនឹងដាក់ពិន័យចំពោះអ្នកលក់ដែលលក់គ្រឿងស្រវឹងឱ្យក្មេងមិនទាន់គ្រប់អាយុ ក៏ប៉ុន្តែគិតមកទល់ពេលនេះអស់រយៈពេល៩ឆ្នាំ ច្បាប់នេះនៅមិនទាន់ទទួលបានការអនុម័តពីសភាជាតិនៅឡើយនោះទេ៕